(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការសម្លុតគំរាមយកពន្ធបដិការលើប្រទេសចំនួន១៤ ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នៅមុនថ្ងៃទី១ ខែសីហាទេនោះ នៅក្នុងដំណាក់កាលចុងក្រោយបំផុតមួយនៃសង្រ្គាមពាណិជ្ជកម្មរបស់លោក។ ពន្ធបដិការរបស់លោក ត្រាំ ត្រូវបានប្រកាសកាលពីខែមេសា ហើយក្រោយមកត្រូវបាន ពន្យារពេល ៩០ថ្ងៃ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចា។ កាលបរិច្ឆេទនៃការពន្យារពេលនេះដំបូងឡើយគ្រោងនឹងផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា។ ក៏ប៉ុន្តែជាថ្មីម្ដងទៀត លោក ត្រាំ បានប្រកាសពន្យារពេលបន្ថែម រហូតដល់ថ្ងៃទី១ ខែសីហា។

* តើមានអ្វីផ្លាស់ប្ដូរនៅក្នុងពន្ធបដិការរបស់លោក ត្រាំ?
រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា បានផ្ញើលិខិតទៅកាន់ប្រទេសចំនួន១៤ ក្នុងនោះរួមមានទាំងជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជូនដំណឹងពួកគេពីអត្រាពន្ធបដិការដែលពួកគេ ត្រូវអនុវត្តនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក យ៉ាងហោច ២៥ភាគរយចាប់ផ្ដើមពីខែសីហាតទៅ ក្នុងករណីដែលពួកគេមិនអាចចរចាស្វែងរកកិច្ចព្រមព្រៀងឱ្យបានទាន់ពេលទេ។ លោក ត្រាំ ក៏បានគំរាមដំឡើងពន្ធបន្ថែមផងដែរ ប្រសិនបើមានប្រទេសណាមួយហ៊ានតដៃសងសឹក ឬព្យាយាមគេចពន្ធដោយនាំចេញទំនិញតាមរយៈពេលប្រទេសដទៃ។ អត្រាពន្ធបដិការលើកូរ៉េខាងត្បូង នៅរក្សាដដែលដូចមុនពេលលោក ត្រាំ ប្រកាសកាលពីខែមេសា ខណៈអត្រាពន្ធបដិការលើជប៉ុនកើនឡើង១ភាគរយខ្ពស់ជាងអត្រាពន្ធដែលលោក ត្រាំបានប្រកាស កាលពីខែមេសា។

* តើមានប្រទេសណាខ្លះរងផលប៉ះពាល់?
ប្រទេសចំនួន១៤ បានទទួលលិខិតជូនដំណឹងពីអត្រាពន្ធបដិការពីរដ្ឋបាលលោក ត្រាំនៅក្នុងសប្ដាហ៍នេះ ហើយប្រទេសជាច្រើនផ្សេងទៀតនឹងទទួលបានលិខិតជូនដំណឹងនៅប៉ុន្មានថ្ងៃខាងមុខ។ តាមលិខិតជូនដំណឹង ពន្ធបដិការរបស់សហរដ្ឋអាមេរិកមានចាប់ពី ២៥ ដល់ ៤០ភាគរយ ហើយក្នុងនោះប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ជាប់ពន្ធបដិការក្នុងកម្រិតខ្ពស់។ ជាឧទារហណ៍៖ ឥណ្ឌូណេស៊ីជាប់ពន្ធបដិការ ៣២ភាគរយ កម្ពុជា និងថៃ ៣៦ភាគរយ រីឯឡាវ និងមីយ៉ាន់ម៉ា ៤០ភាគរយ។ ចំណែក បង់ក្លាដែសជាប់ពន្ធ៣៥ភាគរយ ខណ​ៈទុយនីស៊ី ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូង និង Bosnia and Herzegovina ជាប់ពន្ធ៣០ភាគរយ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។

* តើសហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងប៉ុន្មាន?
លោក ត្រាំ បានសម្រេចពន្យារពេលការយកពន្ធបដិការ រយៈពេល៩០ថ្ងៃ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចារកឱ្យបានកិច្ចព្រមព្រៀងជាង៩០។ តែមកទល់នឹងពេលនេះរដ្ឋបាលរបស់លោកមិនទាន់សម្រេច បានតាមគោលដៅនេះទេ។ ការពន្យារពេលត្រូវអស់សុពលភាពនៅថ្ងៃទី៩ ខែកក្កដា តែរដ្ឋបាលលោក ត្រាំ បានពន្យារពេលបន្ថែមរហូតដល់ថ្ងៃទី១ ខែសីហា។ កិច្ចព្រមព្រៀងដំបូងគេត្រូវបានធ្វើឡើង រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃទី៨ ខែឧសភា ក្នុងនោះរួមមានការយកពន្ធបដិការ ១០ភាគរយលើទំនិញជាច្រើនមុខរបស់ចក្រភពអង់គ្លេសដូចជារថយន្ដ និងពន្ធ០ភាគរយលើ ដែក និងអាលុយមីញ៉ូម។ កិច្ចព្រមព្រៀងទី២ គឺធ្វើឡើងជាមួយវៀតណាមកាលពីសប្ដាហ៍មុន ដោយអាមេរិកកំណត់យកពន្ធបដិការលើវៀតណាម ២០ភាគរយ។ សហរដ្ឋអាមេរិក និងចិន ក៏បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែរ។

*​ ហេតុអ្វីប្រទេសក្នុងតំបន់អាស៊ីត្រូវអាមេរិកយកពន្ធខ្ពស់ជាងគេ?
បណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីត្រូវបានសហរដ្ឋអាមេរិកយកពន្ធបដិការខ្ពស់ជាងគេ ដោយសារតែលោក ត្រាំ អះអាងថាប្រទេសទាំងនោះធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ដោយពួកគេនាំចេញទំនិញ ទៅកាន់សហរដ្ឋអាមេរិក ច្រើនជាងនាំចូលទំនិញពីសហរដ្ឋអាមេរិក។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគនៅតែមានការសង្ស័យចំពោះការអះអាងបែបនេះ ហើយយល់ថាលោក ត្រាំ ប្រហែលជាចង់ ព្យាយាមដាក់ទណ្ឌកម្មលើចិន តាមរយៈការកំណត់គោលដៅលើប្រទេសទាំងឡាយណាដែលទទួលយកការវិនិយោគធំៗពីចិន។ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់មួយតំណាងឱ្យ ៧.២ភាគរយនៃផលិតផលក្នុងស្រុករបស់ពិភពលោក ក៏ជាមជ្ឈមណ្ឌលផលិតដ៏សំខាន់មួយដែរ​ដូចជាវាយណភណ្ឌ និងស្បែកជើង។ នេះបានន័យថាពួកគេនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីពន្ធបដិការរបស់ លោក ត្រាំ។ តែព្រមពេលជាមួយគ្នា ទំនិញទាំងអស់នេះក៏អាចនឹងឡើងថ្លៃនៅក្នុងសហរដ្ឋអាមេរិកផងដែរ។

* តើនឹងមានអ្វីកើតឡើងបន្ទាប់?
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសប្ដាហ៍នេះថាប្រទេសជាច្រើននឹងទទួលបានការជូនដំណឹងពីការយកពន្ធបដិការនៅក្នុងសប្ដាហ៍នេះ។ តាមអ្នកនាំពាក្យរូបនេះ លោក ត្រាំ ខិតជិតទៅរកការសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួនទៀត ប៉ុន្តែលោកចង់ឱ្យប្រាកដថាវាជាកិច្ចព្រមព្រៀងដ៏ល្អប្រសើរ។ យ៉ាងណាក៏ដោយ មានភាពរីកចម្រើនតិចតួចក្នុងការកិច្ចចរចាពាណិជ្ជកម្មមកទល់នឹងពេលនេះ ដែលក្រុមអ្នកជំនាញនិយាយថាការពិតជាក់ស្ដែងនៃការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺត្រូវការពេលវេលាច្រើន និងមានភាពស្មុគស្មាញ៕