(វ៉ាស៊ីនតោន)៖ ផែនការថ្មីមួយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន គួបផ្សំនឹងការគំរាមយកពន្ធគយយ៉ាងធំសម្បើម លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី បានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយ៉ាងខ្លាំងមួយនៅក្នុងគោលជំហររបស់លោកចំពោះសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ផែនការថ្មីនេះក៏បានបន្សល់ទុកនូវចំណុចសង្ស័យ និងភាពមិនច្បាស់លាស់ផងដែរ។ នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte នៅសេតវិមានកាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា លោក ត្រាំ បាននិយាយថាប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot រួមទាំងអាវុធផ្សេងទៀតនឹងត្រូវបញ្ជូន ទៅឱ្យអ៊ុយក្រែនភ្លាមៗ។
លោក ត្រាំ បន្ថែមថាសហរដ្ឋអាមេរិកនឹងលក់អាវុធទាំងនោះទៅឱ្យបណ្ដាប្រទេសអឺរ៉ុប ហើយពួកគេនឹងបញ្ជូនអាវុធបន្តទៅឱ្យអ៊ុយក្រែន។ តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីនៃមន្ទីរបញ្ចកោណបានអះអាងថាសេចក្ដីលម្អិតជាច្រើនកំពុងស្ថិតក្រោមត្រួតពិនិត្យនៅឡើយ។ ចំណែក ក្រុមអ្នកជំនាញមានការសង្ស័យចំពោះ ភាពគួរឱ្យជឿជាក់បាននៃការសម្លុតគំរាមយកពន្ធគយ១០០ភាគរយលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី ក្នុងករណីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនព្រមទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃដែលជាឱសានវាទរបស់លោក។
នៅទីនេះ ទំហំពាណិជ្ជកម្មទៅវិញទៅមករបស់ចិនជាមួយរុស្ស៉ី មានដល់ទៅជិត ២៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមានទាំងការនាំចូលប្រេងយ៉ាងសម្បើម ដែលនេះមានន័យថាការអនុវត្តតាមការសម្លុតគំរាមនឹងជំរុញឱ្យលោក ត្រាំ ត្រូវប្រឈមមុខជាមួយទីក្រុងប៉េកាំង។ តាមក្រុមអ្នកជំនាញ វាជារឿងមិនទំនងនោះទេដែល លោក ត្រាំ នឹងប្រថុយប្រឈមមុខដាក់គ្នាសាជាថ្មីជាមួយចិន ដោយសារតែអ៊ុយក្រែន ជាប្រទេសមួយមានជោគវាសនាដែលលោកធ្លាប់បាននិយាយថាមិនមាន សារៈសំខាន់ចំពោះសហរដ្ឋអាមេរិកឡើយ។ លោក ត្រាំ ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ដែរថាជាមនុស្សម្នាក់ចូលចិត្តកំណត់ឱសានវាទ តែនៅទីបញ្ចប់មិនព្រមធ្វើតាម ជាហេតុបង្កជាការចោទសួរថាតើរូបលោកនឹងធ្វើសកម្មភាពជាក់ស្ដែង ឬក៏យ៉ាងណា ប្រសិនបើឱសានវាទ ៥០ថ្ងៃរបស់លោកសម្រាប់លោក ពូទីនអស់សុពលភាព។
លោកស្រី Jennifer Kavanagh ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីស្ថាប័នស្រាវជ្រាវ Defense Priorities បាននិយាយថាលោក ពូទីន បានច្រានចោលសំណើ ឈប់បាញ់របស់សហរដ្ឋអាមេរិក ក៏ព្រោះតែរូបលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់សង្រ្គាម។ លោកស្រីបន្តថា លោក ពូទីនប្រហែលជាបានវាយតម្លៃថារុស្ស៉ី កំពុងមានប្រៀបនៅលើសមរភូមិ ហើយសហរដ្ឋអាមេរិក ឬអឺរ៉ុបមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដាក់សម្ពាធឱ្យរូបលោក ឬធ្វើឱ្យរូបលោកប្រឈមនឹងការខាតបង់ ធ្ងន់ធ្ងរនោះទេ។ តាមអ្នកជំនាញរូបនេះ ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ទំនងជានឹងមិនអាចកែប្រែតុល្យភាពយោធាធំដុំអ្វីនោះទេ។
ម្យ៉ាងវិញទៀត ការសម្លុតគំរាមផ្នែកសេដ្ឋកិច្ចរបស់លោក ត្រាំ បានបង្កើតជាសំណួរ និងភាពមិនច្បាស់លាស់ ក្នុងនោះរួមមានថាតើលោក ត្រាំ នឹងអនុវត្តតាមការគំរាម ដែរឬទេ? ជាឧទាហរណ៍៖ ខណៈលោក ត្រាំ ប្រកាសថាបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តការយកពន្ធគយ ១០០ភាគរយលើរុស្ស៉ី និងប្រទេសជាដៃគូពាណិជ្ជកម្ម របស់រុស្ស៉ី ក្នុងករណីគ្មានបទឈប់បាញ់ក្នុងរយៈពេល៥០ថ្ងៃទេនោះ ពន្ធគយដោយផ្ទាល់លើការនាំចូលរបស់សហរដ្ឋអាមេរិកពីរុស្ស៉ីនឹងមិនមានឥទ្ធិពលធំដុំលើ សេដ្ឋកិច្ចរុស្ស៉ីទេ។
សហរដ្ឋអាមេរិកបាននាំចូលទំនិញពីរុស្ស៉ីតែជាង ៣ពាន់លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ២០២៤ ស្របពេលអាមេរិកនាំចេញទៅរុស្ស៉ីវិញត្រឹម ៥០០លានដុល្លារ ។ នេះបើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក។ ការគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំរបស់លោក ត្រាំ លើប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី អាចនឹងជះផលអាក្រក់ត្រឡប់មកវិញទៀតផង ជាពិសេសនៅពេលនិយាយដល់វិស័យថាមពលរបស់រុស្ស៉ី។ សេដ្ឋកិច្ចរុស្ស៉ីអាចទ្រាំទ្រានឹងទណ្ឌកម្មពីលោកខាងលិច មួយផ្នែកធំគឺដោយសារតែរុស្ស៉ីនៅតែអាចបន្តនាំចេញប្រេង និងឧស្ម័នទៅកាន់បណ្ដាប្រទេសដែលមិនស្ថិតនៅក្រោមរបបទណ្ឌកម្មដឹកនាំដោយលោកខាងលិច។
តួយ៉ាងដូចជាចិន និងឥណ្ឌាជាដើមដែលបានបង្កើនការទិញប្រេងក្នុងតម្លៃលក់ចុះថ្លៃពីរុស្ស៉ី ចាប់តាំងពីទីក្រុងមូស្គូឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក Edward Fishman ជាអតីតមន្ត្រីនៃក្រសួងការបរទេសអាមេរិក និងជាអ្នកជំនាញម្នាក់ស្ដីពីការដាក់ទណ្ឌកម្មលើរុស្ស៉ី បាននិយាយថា លោក ត្រាំ បានដកថយម្ដងរួចទៅហើយ ពីការអនុវត្តតាមការគំរាមយកពន្ធគយ ១២៥ភាគរយលើទំនិញនាំចូលពីចិន។ «ប្រសិនបើគោលដៅ គឺការកាត់បន្ថយ ការនាំចេញថាមពលរបស់រុស្ស៉ី វានឹងមិនដំណើរការទេ»។ នេះជាការយល់ឃើញរបស់លោក Edward Fishman។ ក្រៅពីចិន និងឥណ្ឌា សម្ព័ន្ធមិត្តជិតស្និទ្ធជាច្រើន របស់សហរដ្ឋអាមេរិក ដូចជាជប៉ុន និងសហភាពអឺរ៉ុបក៏នៅតែបន្តធ្វើពាណិជ្ជកម្មសំខាន់ៗមួយចំនួនជាមួយរុស្ស៉ីផងដែរ។
កាន់តែសំខាន់ជាងនេះ រឿងមួយដែលលោក ត្រាំ ដឹងយ៉ាងច្បាស់ នោះគឺការកាត់បន្ថយណាមួយនៃការនាំចេញប្រេងរបស់រុស្ស៉ី អាចនឹងធ្វើតម្លៃប្រេងនៅលើ ទីផ្សារពិភពលោកហក់ឡើងថ្លៃ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអាមេរិក ធ្វើឱ្យចលាចលទីផ្សារ ឬឈានដល់បង្កអតិផរណា។ សម្រាប់លោកស្រី Kavanagh លោកស្រីផ្ទាល់មិនរំពឹងនោះទេថាឱសានវាទរបស់លោក ត្រាំ អាចនឹងកែប្រែការគិតរបស់លោក ពូទីន៕