(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទសប្តាហ៍នេះបានព្រមានថា ជំងឺ COVID-19 គឺនៅតែជា «បញ្ហាដ៏គ្រោះថ្នាក់បំផុត» ខណៈវិធានការរឹតត្បិតលើការដើរហើរ ពិតជាអាចជួយកាត់បន្ថយការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះបានពិតមែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) នៅក្នុងសន្និសីតកាសែតតាមរយៈវីដូអូ Conference មួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះបានថ្លែងយ៉ាងដូច្នេះថា «ជំងឺរាតត្បាតសកលនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយនោះទេ... ហើយអង្គការសុខភាពពិភពលោក នៅតែមានការព្រួយបារម្ភជាខ្លាំង អំពីនិន្នាការកើនឡើងនៅអាហ្វ្រិក, អឺរ៉ុបខាងកើត, អាមេរិកឡាទីន និងប្រទេសអាស៊ីមួយចំនួនជាដើម»។
ប្រមុខ WHO ក៏បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ នៅទូទាំងពិភពលោក ឲ្យបន្តការអនុវត្តវិធានការរឹតត្បិត ប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 បន្តទៅមុខទៀតកុំអាលបន្ធូរបន្ថយឲ្យសោះ។ ជុំវិញបញ្ហានេះ លោកប្រធាន WHO បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ដោយសារតែវិធានការបិទប្រទេស យើងឃើញថា មានភាពធូរស្រាលខ្លាំង ជាមួយនឹងការថយចុះចំនួនករណីថ្មីៗជាបន្តបន្ទាប់។ យើងបន្តជំរុញឲ្យបណ្តាប្រទេសទាំងនេះ ប្រកាន់ភ្ជាប់នឹងវិធានការទាំងនេះ ក៏ដូចជាការតាមដានស្វែងរកអ្នកជំងឺផ្សេងៗទៀត ដើម្បីធានាថានិន្នាការធ្លាក់ចុះនេះ នឹងនៅតែបន្តកើតមានទៀត»។
លោក ថេដ្រូស បានបញ្ជាក់ជាថ្មីថា ជំងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅតែជាមានគ្រោះថ្នាក់បំផុត ព្រោះបើតាមភ័ស្តុតាងជាបឋមបានបង្ហាញថា ភាគច្រើននៃប្រជាជនពិភពលោក «នៅតែងាយរងគ្រោះ» ដែលប្រការនេះមានន័យថា ជំងឺរាតត្បាតសកលនេះអាចនឹងផ្ទុះឡើងម្តងទៀត ប្រសិនបើធ្វេសប្រហែសតែបន្តិច៕