(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១៤ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១០,៧៥២ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
កូរ៉េខាងត្បូងបានរក្សាចំនួនករណីឆ្លងប្រចាំថ្ងៃក្នុងរង្វង់ ១០ករណីសម្រាប់រយៈពេល ១០ថ្ងៃជាប់ៗគ្នាមកហើយ ដោយក្នុងចំណោមករណីឆ្លងៗនេះទៀតសោត មានមួយផ្នែកជាករណីនាំចូលពីក្រៅប្រទេស។ តួយ៉ាងដូចករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះជាដើមមាន ១២ករណីជាករណីនាំចូលពីក្រៅប្រទេស ដែលនាំឲ្យករណីនាំចូលសរុបនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១,០៥៦ករណី។
នៅក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ចំនួន ០១ករណីបន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ២៤៤នាក់ស្មើនឹង ២.២៧% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៨,៨៥៤នាក់ហើយ ដែលស្មើនឹង ៨២.៤% នៃអ្នកជំងឺសរុប បន្ទាប់ពីជាសះស្បើយ ៩០នាក់បន្ថែមទៀត ទើបតែបានចាកចេញពីមន្ទីរពេទ្យ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦០៨,០០០នាក់ ក្នុងចំណោមនោះ ៥៨៨,៥៥៩នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ៩,២០៣នាក់កំពុងស្ថិតក្នុងការតាមដាន៕