(អាមេរិក)៖ ចាប់តាំងតែពីសហរដ្ឋអាមេរិកបានបិទរោងភាពយន្តនានា កាលពីខែមីនា ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19 ការទស្សនាភាពយន្តនៅទីវាលពីក្នុងរថយន្ត (drive-in cinema) ដែលមានការពេញនិយមខ្លាំង កាលពីសម័យទសវត្សរ៍ឆ្នាំ១៩៥០ កំពុងតែទទួលបានការចាប់អារម្មណ៍ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
Drive-in cinema គឺជាការចាក់បញ្ចាំងភាពយន្តលើផ្ទាំងពណ៌សដ៏ធំមួយនៅទីវាល ដែលអ្នកទស្សនាអាចមើលភាពយន្ត បានពីក្នុងរថយន្តរៀងៗខ្លួន ដោយគ្រាន់តែទៅចតនៅពីមុខនោះប៉ុណ្ណោះ។ ការផ្តល់សេវាទស្សនាភាពយន្តតាមរបៀបនេះ មានការពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានទសវត្សរ៍មុន ប៉ុន្តែចាប់តាំងពីការរីកសុះសាយ នៃរោងភាពយន្តទំនើបៗដូចសព្វថ្ងៃ រួមជាមួយការកើនឡើងនូវបច្ចេកវិទ្យាស្មាតហ្វូន និងការមើលភាពយន្តតាមអនឡាញទៀតនោះ ពួកវានៅសល់មិនច្រើនឡើយ។
យ៉ាងណាមិញ នៅចំពោះមុខការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 សេវាកម្មភាពយន្តនេះហាក់កំពុងទទួលបានជីវិតជាថ្មី ព្រោះភាគច្រើននៅទទួលបានការអនុញ្ញាត ឲ្យធ្វើប្រតិបត្តិការជាធម្មតា ដោយសារត្រូវមើលឃើញថា មានហានិភ័យទាបតាមរយៈទស្សនាភាពយន្តពីក្នុងរថយន្តផ្ទាល់ខ្លួន ដែលចតនៅឆ្ងាយៗពីគ្នាបែបនេះ គឺជួយបញ្ចៀសការប្រមូលផ្តុំគ្នា ដែលកើតមាននៅពេលទស្សនាក្នុងរោងភាពយន្តធម្មតា។ កំឡុងពេលប្រមាណ ១ខែកន្លងទៅ ការលក់សំបុត្រនៅតាម Drive-in cinema ក្នុងសហរដ្ឋអាមេរិកត្រូវបានសម្គាល់ឃើញថា លក់ដាច់ជាងមុនច្រើន។
គួរជម្រាបថា បច្ចុប្បន្នចំនួន Drive-in cinema នៅទូទាំងសហរដ្ឋអាមេរិក នៅសល់ត្រឹម ៣០៥កន្លែង ដែលពីមុនមកធ្លាប់មានដល់រាប់ពាន់កន្លែង៕