(ស៊ីដនី)៖ គ្លីនិកស្រាវជ្រាវមួយនៅប្រទេសអូស្រ្តាលី នាថ្ងៃអង្គារនេះបានឲ្យដឹងថា ខ្លួននឹងព្យាយាមស្វែងរកអ្នកស្ម័គ្រ ចូលរួមក្នុងការសាកល្បងធ្វើតេស្ត ដើម្បីឲ្យបានដឹងអំពីប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងប្រឆាំង COVID-19 មួយប្រភេទ ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាអន្តរជាតិ មានមូលដ្ឋាននៅប្រទេសចិនឈ្មោះ ក្លូវើ (Clover Biopharmaceuticals)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
គ្លីនិកស្រាវស្រាវផ្នែកវេជ្ជសាស្រ្តឈ្មោះ លីនៀ (Linear Clinical Research) មានមូលដ្ឋាននៅក្នុងទីក្រុង ភើត (Perth) នៃរដ្ឋអូស្រ្តាលីខាងលិចបានឲ្យដឹងថា គ្លីនិកនឹងធ្វើការស្វែងរកអ្នកស្ម័គ្រ ជាមនុស្សពេញវ័យមានសុខភាពល្អ សម្រាប់ការធ្វើតេស្តវ៉ាក់សាំងខាងលើ ក្នុងកំឡុងពេល ០២ថ្ងៃបន្ទាប់នេះ។ វ៉ាក់សាំង S-Trimer របស់ក្រុមហ៊ុន Clover ស្ថិតក្នុងចំណោមវ៉ាក់សាំងដំបូងៗមួយចំនួនទៀត ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងធ្វើតេស្ត។ វ៉ាក់សាំងនេះមានគោលដៅ ជួយរាងកាយមនុស្សផលិតអង់ទីករ ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី ដែលជាអ្នកបង្កជំងឺ COVID-19។
គួរជម្រាបថា ប្រសិនបើការធ្វើសាកល្បងលើមនុស្ស នៅអូស្រ្តាលីទទួលបានជោគជ័យ ការធ្វើតេស្តវ៉ាក់សាំង S-Trimer នឹងត្រូវពង្រីកទៅកាន់តំបន់ដទៃទៀតជុំវិញពិភពលោក ហើយសង្ឃឹមថា វានឹងអាចឈានទៅដល់ការអនុញ្ញាតឲ្យប្រើប្រាស់ទូលំទូលាយបានឆាប់ នៅពេលសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាត្រូវបានបញ្ជាក់បានមួយរយភាគរយ៕