(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះ បានប្រកាសរពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៧ករណីបន្ថែមទៀត រួមទាំងករណីស្លាប់ចំនួន ០២ករណីផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ០៧ខាងលើ មាន០៥ ករណីជាប់ពាក់ព័ន្ធជាមួយករណីឆ្លងមុនៗ, 0១ករណីគ្មានប្រវត្តិធ្លាប់ជួបអ្នកកើត COVID-19 និង ០១ករណីចុងក្រោយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរប្រទេសថៃបានប្រកាសថា ខ្លួននឹងពន្យារពេលបន្ថែមទៀត ទៅលើការដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 រហូតដល់ដាច់ខែឧសភា ខាងមុខ។ ទោះជាយ៉ាងណា រដ្ឋាភិបាលក៏បានសម្រេចថា នឹងបន្ធូរបន្ថយលើចំណាត់ការរឹតត្បិតលើអាជីវកម្ម និងសកម្មភាពសាធារណៈមួយចំនួនផងដែរ ខណៈករណីឆ្លងថ្មីៗ នារយៈពេលចុងក្រោយនេះ ហាក់បានធូរស្រាលបន្តិចមកវិញ។
គួរជម្រាបថា បើបូកបញ្ជូលករណីឆ្លងថ្មីៗខាងលើទាំង ០៧ករណីខាងលើ ប្រទេសថៃបានកត់ត្រាការឆ្លងសរុបចំនួន ២,៩៣៨ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ៥២នាក់ស្លាប់បាត់បង់ជីវិត និង ២,៦៥២នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ៕