(បាងកក)៖ នាថ្ងៃពុធនេះថៃបានប្រកាសពីរកឃើញអ្នកឆ្លង COVID-19 ចំនួន ០៩នាក់ថ្មី និងពុំមានអ្នកបាត់បង់ជីវិតបន្ថែមទៀតឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
លោក ថាវីសិន វីសានុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសថៃបានបញ្ជាក់ថា វាគឺជាថ្ងៃទី ៣ហើយ ដែលអត្រាអ្នកឆ្លងថ្មីស្ថិតនៅក្រោម ១០នាក់។ បើតាមលោក Taweesin ក្នុងចំណោមករណីថ្មីទាំងនោះមាន ០៦ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងពីមុនៗ ០២ករណីពុំមានទំនាក់ទំនងជាមួយករណីមុនៗឡើយ ហើយម្នាក់ទៀតកំពុងតែរង់ចាំលទ្ធផលថា តើរូបគេបានឆ្លងដោយរបៀបណា។
គួរជម្រាបថា ចាប់តាំងពី COVID-19 បានឆ្លងរាលដាលចូលទៅដល់ថៃតាំងតែពីខែមករា មកទល់ពេលនេះប្រទេសថៃបានអ្នកឆ្លងសរុប ២,៩៤៧ករណី ក្នុងនោះ ៥៤នាក់បានស្លាប់ និងសរុប ២,៦៦៥នាក់បានត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយ៕