(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីថ្ងៃទី១១ ខែមេសា កន្លងទៅមកម្លេះ ហើយសូម្បីតែពិធីខួបកំណើត ជីតាគឺលោក គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា ដែលលោកផ្ទាល់មិនដែលខកខានចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១១មក ក៏លោក គីម មិនបានចូលរួមដែរ។ ប្រការនេះបានរុញឱ្យមានពាក្យចចាមអារ៉ាមពីបញ្ហាសុខភាពរបស់លោក រហូតដល់មានសារព័ត៌មានមួយចំនួនរាយកាណ៍ថា លោកបានស្លាប់បាត់ទៅហើយ ក្រោយទទួលការវះកាត់ប្រព័ន្ធបេះដូង។
លោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៤ ធ្លាប់បាត់ខ្លួនពីទីសារធារណៈដល់ទៅជិត៤០ថ្ងៃ បន្ទាប់ពីមានសេចក្ដីរាយការណ៍លោកទទួលការវះកាត់ «កជើង»។ យ៉ាងណាក៏ដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជឿជាក់ថាលោក គីម នៅមានជីវិតរស់រវើក និងមានសុខភាពល្អធម្មតា។ ក៏ប៉ុន្តែ ទោះជាពេលនេះ មិនមានបញ្ហាអ្វីធំដុំអ្វីកើតឡើង លើលោក គីម ដូចទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រំពឹងទុក ឬក៏មេដឹកនាំកូរ៉េខាងជើងរូបនេះ បង្ហាញខ្លួនជាថ្មីឡើងវិញក៏ដោយ ក៏អ្នកជំនាញមួយចំនួននៅតែព្យាករណ៍ថាលោក គីម ជុងអ៊ុន អាចនឹងជួបហានិភ័យធ្ងន់ធ្ងរដដែលនៅពេលអនាគត បើសិនជាលោក មិនព្រមបោះបង់ចោលទម្លាប់មិនល្អ ដូចដែលព័ត៌មានជាច្រើនធ្លាប់លើកឡើងទេនោះ។
ខាងក្រោមនេះគឺជាស្ថានភាពសុខភាពត្រួសៗ របស់លោក គីម៖
ទី១៖ លោក គីម ជុងអ៊ុន ត្រូវបានគេអះអាងថាជាមនុស្សចូលចិត្តជក់បារីខ្លាំងបំផុត។ នៅកំឡុង ខែមេសា ឆ្នាំ២០១៨ នៅក្នុងជំនួបមួយនៅឯទីក្រុងព្យុងយ៉ាង ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានផ្ដល់យោបល់ឱ្យលោក គីម ឈប់ជក់បារី ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់លោក។ មិនតែប៉ុណ្ណោះ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ភិរយាលោក គីម គឺអ្នកស្រី Ri Sol Ju ដែលមានវត្តមាននៅក្នុងជំនួបនោះដែរ បាននិយាយថាអ្នកស្រីក៏ធ្លាប់សុំឱ្យប្ដីឈប់ជក់បារីផងដែរ តែលោក គីម មិនព្រមស្ដាប់អ្នកស្រីទាល់តែសោះ។
ទី២៖ លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាមានជំងឺតំណពូជសសៃឈាមបេះដូង និងដាច់សសៃឈាមខួរក្បាល។ ទាំងឪពុក និងជីតារបស់លោក គឺលោក គីម ជុងអ៊ីល និងលោក គីម អ៉ីលស៊ុង ស្លាប់ដោយសារគាំងបេះដូងភ្លាមៗ ហើយជាពិសេសឪពុករបស់លោក មានជំងឺដាច់សសៃឈាមខួរក្បាលធ្ងន់ធ្ងរ នៅខែសីហា ឆ្នាំ២០០៨ ៣ឆ្នាំមុននឹង លោកទទួលមរណភាពនៅខែធ្នូ ឆ្នាំ២០១១។
ទី៣៖ បើគេប្រៀបធៀបរូបថតរវាងលោក គីម ជុងអ៊ុន កាលពីនៅក្មេង (អាយុជិត២០ឆ្នាំ) និងរូបថតរបស់លោកបច្ចុប្បន្ន (អាយុ៣៦ឆ្នាំ) មេដឹកនាំកំពូលកូរ៉េខាងជើង មិនមែនត្រឹមតែមានជំងឺធាត់លើសទម្ងន់ធម្មតានោះទេ តែលោកគឺមានជំងឺធាត់លើសទម្ងន់ធ្ងន់ធ្ងរតែម្ដង។ ជាលក្ខណៈស្ដង់ដារ សន្ទស្សន៍រង្វាស់ទម្ងន់ និងកម្ពស់ (BMI) មិន លើស៤០ឡើយ តែបើតាមកូរ៉េខាងត្បូង លោកមានកម្ពស់ ១,៧០ម៉ែត្រ និងទម្ងន់ ១៣៦គីឡូក្រាម នាំឱ្យសន្ទស្សន៍ BMI របស់លោកគឺមានរហូតដល់ ៤៧ ឯណោះ។ ដូច្នេះ ផ្អែកលើសន្ទស្សន៍ BMI នេះ លោក គីម ជុងអ៊ុន ក៏មានជំងឺទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់ និងកម្រិត cholesterol ខ្ពស់ផងដែរ។
ចុងក្រោយ លោក គីម ថែមទាំងត្រូវបានគេសន្និដ្ឋានថាមានរោគសញ្ញាជំងឺខួរក្បាលទៀតផង ដែលបណ្ដាលឱ្យធ្វើឱ្យរាង្គកាយមានចលនាដោយអចេតនា។ ត្រង់នេះគេអាច ពន្យល់បានតាមរយៈការសង្កេតឃើញថា ដៃឆ្វេងរបស់លោកមានភាពមិនប្រក្រតីនៅពេលអង្គុយម្ដង៕
ប្រភព៖ 38 North (ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០)