(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៣ ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសទាំងអស់ ពោលគឺគ្មានករណីឆ្លងក្នុងស្រុកឡើយ សូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
ប្រការនេះវាបានធ្វើឲ្យករណីនាំចូលសរុបពីក្រៅប្រទេស បានកើនដល់ ១,៦៧៥ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,២៧៣ នាក់បានជាសះស្បើយឡើងវិញ ខណៈ ៤០២នាក់ ផ្សេងទៀងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ជាមួយនឹង ០៥ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មិនមានករណីស្លាប់ ត្រូវបានរាយការណ៍ក្នុងចំណោមករណីនាំចូលទាំងនោះទេ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៧៦៦ នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៥៣នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលជាករណីនាំចូលទាំង ០៣ ខាងលើនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិន កើនដល់ ៨២,៨៨០ ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣ នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយ សូម្បីតែម្នាក់នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕