(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវមិនបានរកឃើញ ករណីឆ្លងថ្មីនៃជំងឺ COVID-19 អស់រយៈពេល ២២ថ្ងៃជាប់ៗគ្នាមកហើយ ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស នេះនៅរក្សាបានត្រឹម១៩ករណីដដែល និងជាចំនួនតិចជាងគេបំផុត ប្រចាំតំបន់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
គណៈកម្មាធិការបង្ការនិងគ្រប់គ្រង COVID-19 របស់ប្រទេសឡាវ បានបញ្ជាក់នៅក្នុងរបាយការណ៍ ចេញផ្សាយនៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសស្ថិតនៅត្រឹម១៩ករណីដដែល ដោយមិនមានករណីឆ្លងថ្មីទៀតនោះទេ»។ គិតត្រឹមថ្ងៃចន្ទនេះ អាជ្ញាធរឡាវបានធ្វើតេស្ដលើអ្នកសង្ស័យមានផ្ទុក COVID-19 ចំនួន២,២២៣នាក់ ក្នុងនោះមានតែ១៩នាក់ប៉ុណ្ណោះចេញលទ្ធផលវិជ្ជមាន ខណៈ០៩នាក់ក្នុងចំណោមពួកគេបានជាសះស្បើយឡើងវិញ។
គួរជម្រាបថា អ្នកជំងឺជាសះស្បើយទាំង០៩នាក់ខាងលើ ក្នុងនោះមាន ០៦នាក់នៅរដ្ឋធានីវៀងច័ន្ទ និង០៣នាក់នៅខេត្ត ហ្លួងព្រះបាង (Luang Prabang)។ ចំណែកឯអ្នកជំងឺ១០នាក់ផ្សេងទៀត កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព (Mittaphab Hospital) ក្នុងរដ្ឋធានីវៀងច័ន្ទ។ ប្រទេសឡាវបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ០២ករណីដំបូងកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ៕