(ហ្គាហ្សា)៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធនេះ បានបើកការវាយប្រហារទៅលើ ប៉ុស្តិ៍ត្រួតពិនិត្យយោធារបស់ក្រុមចលនាហាម៉ាស់ ដើម្បីជាការឆ្លើយតបចំពោះគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីព នាព្រឹកព្រហាមថ្ងៃដដែលនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
យោងតាមប្រភពពីសន្តិសុខជាតិប៉ាឡេស្ទីន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «កាំភ្លើងធំរបស់អ៊ីស្រាអែល បានបាញ់តម្រង់ទៅរកគោលដៅ ជាទីតាំងត្រួតពិនិត្យរបស់កងពលតូចមួយកន្លែង នៃក្រុមចលនាហាម៉ាស់ប្រចាំភាគកណ្តាល និងខាងជើងតំបន់ហ្គាហ្សា និងបានបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ»។
ជុំវិញបញ្ហានេះដែរ ភាគីអ៊ីស្រាអែលឯណោះវិញ ក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន យ៉ាងដូច្នេះដែរថា «រថក្រោះរបស់យើងបានបាញ់គ្រាប់មីស៊ីល ទៅកាន់ទីតាំងយោធាចំនួន ០៣ កន្លែងរបស់ក្រុមចលនាហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកទៅនឹងគ្រាប់រ៉ុក្កែត ដែលបានបាញ់ចេញពីទីនោះ»។ របាយការណ៍ដដែលនេះបានបន្ថែមថា «គ្រាប់កាំជ្រួចមីស៊ីលទាំងនេះបានធ្លាក់នៅទីវាល ដោយមិនបង្កឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ»។
គួរជម្រាបថា នៅព្រឹកថ្ងៃដដែលនោះ កាំជ្រួចមីស៊ីលដែលធ្វើដោយដៃ ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រហ្គាហ្សា ចូលទៅក្នុងដែនដីអ៊ីស្រាអែល ប៉ុន្តែមិនបានបង្កឲ្យខូចខាតអ្វីឡើយ។ ការប្រយុទ្ធគ្នាខាងលើនេះ គឺជាការបំពានទៅនឹងការអំពាវនាវ ជាច្រើនលើកច្រើនសារ ពីសំណាក់ប្រមុខ UN ចំពោះមុខបញ្ហា COVID-19 ដែលគ្រប់គ្នាសុទ្ធតែអាចរងគ្រោះ៕