(ញូយ៉ក)៖ ការស្ទាបស្ទង់មតិថ្មីមួយ ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ដែលចេញផ្សាយនាថ្ងៃអង្គារសប្តាហ៍នេះបានបង្ហាញថា ភាពនាំមុខរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់បានថយចុះទៅវិញ កំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន នៅរសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
ការស្ទង់មតិខាងលើដែលប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារដើមសប្តាហ៍នេះបានរកឃើញថា ៤៣ភាគរយនៃប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោតបាននិយាយថា ពួកគេនឹងគាំទ្រលោក បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃ០៣ វិច្ឆិកា ខណៈ៤១ភាគរយបាន និយាយថា នឹងគាំទ្រលោក ត្រាំ គឺខុសគ្នាតែ ០២ភាគរយប៉ុណ្ណោះ។ បើក្រឡេកទៅមើលការស្ទង់មតិកាលពីសប្តាហ៍មុនវិញ គឺលោក បៃដិន នាំមុខលោក ត្រាំ រហូតដល់ ០៦ភាគរយ ហើយសប្តាហ៍មុនមួយទៀតគឺនាំមុខរហូតទៅ ០៨ភាគរយឯណោះ។
ការថយចុះនៃសំឡេងគាំទ្ររបស់លោក បៃដិន កើតមានឡើងស្របពេលដែលលោក ត្រូវបង្ខំឲ្យឃោសនាបោះឆ្នោតពីចម្ងាយគឺពីផ្ទះលោកនៅឯរដ្ឋ ឌែឡាវែរ (Delaware) ដោយមិនអាចជួបជុំក្រុមអ្នកគាំទ្រផ្ទាល់ឡើយ ព្រោះតែការរាតត្បាតនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។
ចំណេកឯ លោក ត្រាំ វិញគឺបាននិងកំពុងបន្តដឹកនាំនៅជួរមុខ ក្នុងកិច្ចប្រឹងប្រែងឆ្លើយតបរបស់អាមេរិកចំពោះ COVID-19។ មិនតែប៉ុណ្ណោះមួយរយៈចុងក្រោយនេះ ការចុះផ្សាយព័ត៌មានភាគច្រើន បានផ្តោតទៅលើការចោទប្រកាន់លោក ចូ បៃដិន ពាក់ព័ន្ធករណីបំពានផ្លូវភេទកាលពីរាប់ទសវត្សរ៍មុនថែមទៀតផង។
គួរជម្រាបថា ការស្ទង់មតិរបស់ Reuters ក៏បានបង្ហាញដែរថា ៤៥ភាគរយនៃប្រជាជនអាមេរិកយល់ឃើញថា លោក ត្រាំ មានសមត្ថភាព ក្នុងការពង្រឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយតែមាន ៣៣ភាគរយ ដែលគិតថាលោក បៃដិន មានសមត្ថភាពយ៉ាងដូច្នោះ ហើយត្រង់ចំណុចនេះគឺលោក ត្រាំ នាំមុខកាន់តែខ្ពស់។
ក្រៅពីនេះទៀត ៣៧ភាគរយបានលើកឡើងថា លោក ត្រាំ សក្តិសមក្នុងការដឹកនាំកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង ការរាតត្បាតនៃជំងឺ COVID-19 ហើយមានតែ ៣៥ភាគរយប៉ុណ្ណោះយល់ថា លោក បៃ ដិន សក្តិសមជាង ខណៈកាលពីពាក់កណ្តាលខែមេសា គឺសំឡេងគាំទ្រលោក បៃដិន បាននាំមុខលោក ត្រាំ ត្រង់ចំណុចនេះ ប៉ុន្តែឥឡូវបែរជាលោក ត្រាំ នាំមុខវិញ៕