(ញូដេលី)៖ ក្នុងកិច្ចប្រជុំមួយជានាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកជំនាញឥណ្ឌាទទួលបន្ទុក លើការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បានប្រាប់ថា វ៉ាក់សាំងសរុបជាង ៣០ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍ ដោយក្នុងនោះវ៉ាក់សាំងមួយចំនួន កំពុងឈានទៅរកដំណាក់ការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ចេញពីការិយាល័យនាយករដ្ឋមន្រ្តីឥណ្ឌា កាលពីយប់ថ្ងៃអង្គារ លោក ម៉ូឌី បានបើកកិច្ចប្រជុំជាមួយក្រុមជំនាញ ដើម្បីពិភាក្សានិងត្រួតពិនិត្យលើបច្ចុប្បន្នភាព នៃកិច្ចប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 រួមនិងការស្រាវជ្រាវរកថ្នាំព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្ត។ ក្រៅពីឥណ្ឌា ប្រទេសធំៗមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម ក៏កំពុងតែខិតខំស្រាវជ្រាវ និងធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ផងដែរ ប៉ុន្តែភាគច្រើនបានអះអាងដូចៗគ្នាថា វាត្រូវការពេលរាប់ឆ្នាំទៅមុខទៀត ទើបអាចបានសម្រេច។
គួរជម្រាបថា បើតាមតួលេខចុងក្រោយបំផុត ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌាបានកើនដល់ ៤៩,៣៩១ករណី ក្នុងនោះស្លាប់ ១,៦៩៤នាក់ និងជាសះស្បើយយ៉ាងតិច ១៤,០០០នាក់៕