(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា អង្គភាពពិសេសប្រឆាំង COVID-19 នៃសេតវិមាននឹងត្រូវបានកាត់បន្ថយ ភារកិច្ចបន្តិចម្ដងៗ ខណៈលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) អង្គភាពនេះនឹងត្រូវបានរំសាយចោល នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
នាអំឡុងបំពេញទស្សនកិច្ច ទៅកាន់រោងចក្រផលិតម៉ាសមួយកន្លែង ស្ថិតក្នុងរដ្ឋ អារីហ្សូណា (Arizona) នៅថ្ងៃអង្គារសប្ដាហ៍នេះលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក Mike Pence និងអង្គភាពពិសេសប្រឆាំង COVID-19 បានបំពេញការងារដ៏អស្ចារ្យ ប៉ុន្តែយើងកំពុងសម្លឹងមើលលើទម្រង់ផ្សេងពីនេះបន្តិច ហើយទម្រង់នេះអាចនឹងសុវត្ថិភាព និងបើកចំហ... ដូច្នេះយើងប្រហែលជាអាចនឹងមាន ក្រុមការងារមួយផ្សេងទៀត សម្រាប់ទទួលបន្ទុកកិច្ចការនេះ»។
គួរជម្រាបថា អង្គភាពពិសេសប្រឆាំង COVID-19 នៃសេតវិមាន ត្រូវបានបង្កើតឡើងកាលពីខែមីនា ហើយស្ថិតក្រោមការដឹកនាំរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ខណៈដែលសហរដ្ឋកាន់តែផុងជ្រៅទៅក្នុងវិបត្តិ COVID-19 រហូតក្លាយជាមហាអំណាច ដែលមានអ្នកឆ្លង និងស្លាប់ច្រើនបំផុត លើពិភពលោកដោយសារតែជំងឺរាតត្បាតសកលនេះ។
បើតាមគេហទំព័រ worldometers បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 សរុប ១,២៣៧,៧៦១ករណី ក្នុងនោះស្លាប់ ៧២,២៧៥នាក់ និងជាសះស្បើយឡើងវិញ ២០០,៦៦៩នាក់៕