(ម៉ៃអាមី)៖ ក្នុងអំឡុងនៃវិបត្តិជំងឺ COVID-19 នេះ វាបានធ្វើឲ្យវិស័យទេសចរណ៍នានា រងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទេសចរណ៍ជិះនាវាកម្សាន្ត។ នាវាកម្សាន្តជាច្រើនគ្រឿង ត្រូវបានគេបដិសេធមិនឲ្យចូលចតកំពង់ផែ ព្រោះតែបារម្ភខ្លាចជំងឺឆ្លង ហើយឥឡូវនេះមិនដឹងថា តើពេលណានាវាកម្សាន្តទាំងនោះ អាចបើកដំណើរការម្តងទៀត ខណៈនាវិករាប់ពាន់នាក់ កំពុងជាប់គាំងនៅលើនាវាទាំងនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
ខណៈពេលដែលអ្នកដំណើរនៅលើនាវាកម្សាន្ត ត្រូវបានជម្លៀសចេញពី និងបានត្រឡប់ទៅផ្ទះពួកគេរៀងខ្លួនៗវិញនោះ មានសមាជិកនាវិកដែលមប្រើការនៅលើនាវាកម្សាន្តទាំងនេះ រាប់ពាន់នាក់ត្រូវបានជាប់គាំងនៅលើនាវាបន្តទៀត ដោយគ្មានកាលកំណត់ច្បាស់ថា តើពួកគេនឹងវិលត្រឡប់ទៅគេហដ្ឋានវិញ នៅពេលណានោះទេ។
លើសពីនោះទៀត ភាគច្រើននៃសមាជិកនាវាទាំងនោះទៀតសោត មិនទទួលបានប្រាក់ខែនោះទេ ថ្បិតថាកុងត្រារបស់ពួកគេត្រូវបានបញ្ចប់។ អ្នកខ្លះមិនមានទាំងអ៉ីនធើណិតប្រើប្រាស់ថែមទៀតផង ដែលជាហេតុបង្កឲ្យភាពតានតឹងផ្លូវអារម្មណ៍ កាន់តែមានខ្លាំងឡើង។ ដោយឡែកអ្នកខ្លះទៀតបានដាក់ពាក្យប្តឹងថៅកែរបស់ពួកគេ ព្រោះយល់ថាកំពុងរងទង្វើអយុត្តិធម៌។
លោក ខៃអូ សាលដាញ៉ា (Caio Saldanha) ដែលជាឌីជេ (DJ) ជនជាតិប្រេស៊ីលម្នាក់ បម្រើការឲ្យក្រុមហ៊ុន Celebrity Infinity ស្ថិតនៅរវាងរដ្ឋផ្លូរីដា (Florida) ដែនដីបាហាម៉ាស (Bahamas) បាននិយាយត្អូញត្អែប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «ពួកយើងដូចជាអ្នកទោសអញ្ចឹង។ ខ្ញុំត្រូវការជំនួយ! យើងត្រូវការជំនួយ!»។ ឌីជេវ័យ ៣១ឆ្នាំរូបនេះបានបន្ថែមទៀថា «យើងត្រូវការធ្វើដំណើរទៅផ្ទះរបស់ពួកយើងវិញ»។
គួរជម្រាបថា បើយោងតាមឆ្មាំសមុទ្រអាមេរិក បានគូសបញ្ជាក់ថា មាននាវាទេសចរណ៍ជាង ១០០គ្រឿង ដោយក្នុងនាវាទាំងនោះមានផ្ទុកនាវិកសរុបជាង ៧០,០០០នាក់ និងកំពុងស្ថិតនៅក្នុង ឬក្បែរដែនទឹក ក៏ជានៅតាមកំពង់ផែនៃសហរដ្ឋអាមេរិក៕