(ប៉េកាំង)៖ យានអវកាសសាកល្បងស៊េរីថ្មីរបស់ចិន បានធ្វើដំណើរត្រឡប់ចុះមកដល់ផែនដីវិញ ដោយជោគជ័យនៅថ្ងៃសុក្រនេះ បន្ទាប់ពីវាត្រូវបានបាញ់បញ្ជូនឡើងទីអវកាស តាមរយៈការធ្វើតេស្តគ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធំស៊េរីថ្មី កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
យានអវកាសស៊េរីថ្មីខាងលើ ដែលនឹងត្រូវប្រើសម្រាប់ដឹកជញ្ជូនអវកាសយានិកចិន និងមិនទាន់មានឈ្មោះផ្លូវការនៅឡើយនោះ បានត្រឡប់ចុះមកដល់ផ្ទៃដែនដីវិញ ដោយសុវត្ថិភាពនារសៀលថ្ងៃសុក្រនេះ នៅឯទីតាំងចុះចត តុងហ្វឹង (Dongfeng) ស្ថិតក្នុងតំបន់ស្វយ័ត អ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេសចិន។ ក្រុមអ្នកវិទ្យាសាស្រ្តចិនបានចំណាយពេល ០២ថ្ងៃធ្វើតេស្តយាននោះក្នុងទីអវកាស បន្ទាប់ពីវាត្រូវបានបង្ហោះឡើងចេញពីផ្ទៃផែនដី តាមរយៈរ៉ុក្កែតស៊េរីថ្មី Long March 5B ដែលត្រូវបានធ្វើតេស្តសាកល្បង ជាលើកដំបូងដូចគ្នាកាលពីថ្ងៃទី០៥ ខែឧសភា។
គួរបញ្ជាក់ថា យានអវកាសថ្មីរបស់ចិននេះ ដំណើរការដោយប្រើថាមពលពន្លឺព្រះអាទិត្យ និងអាចដឹកអវកាសយានិកបាន ០៧នាក់។ វាជាយានអវកាសសម្រាប់ជំនួសឲ្យ យានស៊េរីចាស់ឈ្មោះ ហ្សិនចូវ (Shenzhou) របស់ចិន។ សម្រាប់រ៉ុក្កែត Long March-5B វិញ នឹងត្រូវចិនប្រើប្រាស់ជាចម្បង សម្រាប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនជាលើកដំបូង៕