(ញូវដេលី)៖ អាជ្ញាធររដ្ឋ អាន់ដ្រា ប្រាដែស (Andhra Pradesh) នៃប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ នៅតែបន្តជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅជុំវិញរោងចក្រគីមី ដែលបានលេចធ្លាយហ្គាសកាលពីម្សិលមិញនេះបន្ថែមទៀត ខណៈចំនួនមនុស្សស្លាប់ដោយសារហេតុការណ៍នេះ បានកើនឡើងដល់ ១១នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
បើតាមមន្ត្រីប៉ូលីសក្នុងតំបន់បានគូសបញ្ជាក់ថា «ប៉ូលីសកំពុងតែធ្វើការជម្លៀសប្រជាជន ដែលរស់នៅចម្ងាយ ៥គីឡូម៉ែតពីរោងចក្រ ខណៈមនុស្សជាច្រើនទៀតបានចាប់ផ្តើមផ្តាស់ប្តូរទីលំនៅដោយខ្លួនឯង»។ ទោះជាយ៉ាងណា អាជ្ញាធរបានបដិសេធរចំពោះបាយការណ៍ដែលថា មានការលេចធ្លាយហ្គាសសាជាថ្មីម្តងទៀត ដែលជាហេតុនាំឲ្យអាជ្ញាធរបន្តជម្រៀសប្រជាជនបែបនេះ ដោយបានលើកឡើងថា វាគ្រាន់តែជាវិធានការការពារទុកជាមុនប៉ុណ្ណោះ។
គួរជម្រាបថា កាលពីព្រឹមព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅពេលមនុស្សម្នាកំពុងលុងលក់ក្នុងដំណេកនៅឡើយ ស្រាប់តែមានហេតុការណ៍លិចធ្លាយហ្គាស ចេញពីរោងចក្រគីមីមួយកន្លែងនៅទីក្រុងសាខាប៉ាត់ណាំ (Visakhapatnam) នៃរដ្ឋ Andhra Pradesh។ យោងតាមមន្ត្រីប៉ូលីសក្នុងតំបន់បានគូសបញ្ជាក់ថា ហ្គាសទាំងនោះបានលេចចេញពីកន្លែងស្តុកហ្គាសចំណុះ ៥,០០០តោនចំនួនពីរ ដែលមិនត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែវិធានការបិទប្រទេស នៅចំពោះមុខការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេស។
ហេតុការណ៍នេះ វាបានបង្កឲ្យមានមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺរាប់រយនាក់។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុមានទាំងចាស់ទាំងក្មេង បានត្អូញត្អែពីការឈឺភ្នែក និងខ្លះទៀតដង្ហក់ពិបាកដកដង្ហើម។ អ្នកស្រុកម្នាក់ដែលរស់ចម្ងាយ ៤០០ម៉ែត្រពីរោងចក្របាននិយាយរៀបរាប់ ពីអាការៈរបស់ខ្លួនថា «ខ្ញុំមានអារម្មណ៍ថា រមាស់គ្រាប់ភ្នែក, វិលមុខ និងពិបាកដកដង្ហើម»៕