(ទ្រីប៉ូលី)៖ គូបដិបក្សក្នុងសង្រ្គាមបង្ហូរឈាមនៅប្រទេសលីប៊ី នៅតែបន្តប្រយុទ្ធគ្នាឥតឈប់ឈរដដែល បើទោះបីពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារជំងឺរាតត្បាតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទាំងខាងរដ្ឋាភិបាលលីប៊ី GNA និងខាងកងកម្លាំងយោធា LNA សុទ្ធតែបានប្រកាសពីការធ្វើប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសយ៉ាងក្តៅគគុកដាក់គ្នាទៅវិញទៅមក។ អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាល GNA បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសចំនួន ០៩លើក ត្រូវបានធ្វើឡើងទៅលើ មូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់កងទ័ព LNA នៅភាគនិរតីនៃប្រទេសលីប៊ី និង ០៣លើកទៀតទៅលើក្បួនរថយន្តដឹកឥន្ធនៈ របស់កងកម្លាំង LNA។
ដោយឡែក ខាងយោធា LNA បានប្រកាសឲ្យដឹងវិញថា កងយន្តហោះចម្បាំងរបស់ខ្លួន បានធ្វើសកម្មភាពវាយប្រហារ ទៅលើទីតាំងរបស់កងកម្លាំងរដ្ឋាភិបាល NGA នៅក្បែរទីក្រុង មីសួរ៉ាតា (Misurata) ដែលស្ថិតនៅចម្ងាយប្រមាណ ២០០គីឡូម៉ែត្រភាគខាងកើតទីក្រុងទ្រីប៉ូលី។
គួរជម្រាបថា កងកម្លាំងយោធា LNA ដែលមានមូលដ្ឋាននៅភាគខាងកើតលីប៊ី បានបើកយុទ្ធនាការយោធាដើម្បីដណ្តើមកាន់កាប់ទីក្រុងទ្រីប៉ូលី និងផ្តួលរំលំរដ្ឋាភិបាល GNA ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (UN) តាំងតែពីខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ។ សង្រ្គាមបង្ហូរឈាមជាតិសាសន៍ឯងមួយនេះ បានផ្តាច់ជីវិតនិងបង្កឲ្យរបួសមនុស្សរាប់ពាន់នាក់ ខណៈរាប់សិបម៉ឺននាក់ត្រូវព្រាត់ប្រាស់ផ្ទះសម្បែង។
ជុំវិញបញ្ហាជម្លោះប្រដាប់អាវុធនៅលីប៊ីនេះ ខាងអង្គការសហប្រជាជាតិ (UN) បានបន្តទទូចហើយទទូចទៀតឲ្យភាគីទាំងសងខាង បញ្ឈប់សកម្មភាពយោធារៀងៗខ្លួន ហើយស្វែងរកដំណោះស្រាយដោយសន្តិភាព ជាពិសេសនៅខណៈដែលជំងឺឆ្លងដ៏កាចសាហាវ COVID-19 កំពុងតែអុកឡុកពិភពលោក៕