(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានសម្រេចប្រកាសចេញនូវផែនការមាន ០៣ជំហាន ដើម្បីដកការរឹតត្បិតពាក់ព័ន្ធ COVID-19 ចេញវិញ ស្របពេលដែលអត្រាអ្នកឆ្លងក្នុងប្រទេសលោក ត្រូវរក្សាបានឲ្យនៅកម្រិតទាប ហើយអ្នកជំងឺភាគច្រើនក៏ត្រូវបានព្យាបាល​ឲ្យជាសះស្បើយវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

លោក Morrison បានប្រកាសពីផែនការខាងលើនាថ្ងៃសុក្រនេះ ក្រោយកិច្ចប្រជុំមួយជាមួយអ្នកដឹកនាំរដ្ឋាភិបាលនៃបណ្តារដ្ឋ និងដែនដី នៅក្នុងប្រទេសអូស្រ្តាលី។ បើតាមលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរំពឹងថា នឹងវិលទៅដំណើរការដូចដើមទាំងស្រុងវិញ​នៅខែកក្កដា ហើយរដ្ឋាភិបាលនៃរដ្ឋ និងដែនដីអូស្រ្តាលីគឺជាអ្នកសម្រេចពេលវេលា​ដែលជំហាននីមួយៗនៃផែនការនោះត្រូវចូលជាធរមាន។

លោក Morrison បានបញ្ជាក់ថា នៅក្រោមជំហានទី ១ នៃផែនការបើកសកម្មភាពសេដ្ឋកិច្ចប្រទេសឡើងវិញ ភោជនីយដ្ឋាន និងហាងកាហ្វេ នឹងត្រូវអនុញ្ញាតឲ្យបើកទ្វារសាជាថ្មី ហើយប្រជាជនអូស្រ្តាលីនឹងត្រូវអនុញ្ញាត​ឲ្យមានអ្នកទៅសួរសុខទុក្ខដល់ផ្ទះរហូតដល់ ០៥នាក់ និងអាចជួបជុំគ្នាបានដល់ ១០នាក់នៅទីសាធារណៈ។

បន្ថែមពីលើ នៅពេលឈានដល់ជំហានទី ២ ចំនួនអតិបរមានៃការជួបជុំគ្នានឹងត្រូវបង្កើនដល់ ២០នាក់ ហើយធ្វើដំណើរឆ្លងរដ្ឋក្នុងទម្រង់ខ្លះនឹងត្រូវអនុញ្ញាត រីឯក្លឹបហាត់ប្រាណ រោងភាពយន្ត មជ្ឈមណ្ឌលតាំងបង្ហញស្នាដៃសិល្បៈ និងហាងកែសម្ពស្សជាដើម នឹងត្រូវអនុញ្ញាតឲ្យបើកទ្វារ។ លុះឈានដល់ជំហានទី ៣ ដែលជាជំហានចុងក្រោយ រាល់ការធ្វើដំណើរឆ្លងរដ្ឋទាំងអស់នឹងត្រូវអនុញ្ញាត បូកជាមួយការបង្កើនចំនួន នៃការជួបជុំគ្នាឡើងដល់ ១០០នាក់ និងការបើកដំណើរការឡើងវិញនូវរង្គសាល។

គួរជម្រាបថា បើតាមតួលេខចុងក្រោយបំផុត នៅទូទាំងប្រទេសអូស្រ្តាលីមានអ្នកឆ្លងជំងឺ COVID-19 សរុប ៦,៩១៣នាក់ ក្នុងនោះស្លាប់ ៩៧នាក់ ប៉ុន្តែសម្រាប់ករណីជាសះស្បើយវិញគឺ ៦,០៧៤នាក់ ដែលស្មើនឹង ៨៧.៨ភាគរយនៃករណីឆ្លងសរុប។ អូស្ត្រាលី និងនូវែលសេឡង់​កំពុងស្ថិតនៅក្នុងផ្លូវវិជ្ជមានដូចគ្នា ក្នុងការទប់ស្កាត់ COVID-19 មិនឲ្យបន្តរាតត្បាតក្នុងទ្រង់ទ្រាយធំ៕