(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ត្រឹមតែ ០១ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
០១ ករណីដែលជាករណីនាំចូលខាងលើនេះ ត្រូវបានរាយការណ៍ចេញពីខេត្តធានជីន (Tianjin)។ ជាសរុប ចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៨១ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៥០៥ នាក់បានជាសះស្បើយឡើងវិញ ខណៈ ១៧៦ នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៤ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មិនមានករណីស្លាប់ត្រូវបានរាយការណ៍ ក្នុងចំណោមករណីនាំចូលទាំងនោះទេ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៨,០៤៦នាក់ហើយ (៩៤.១ភាគរយនៃករណីឆ្លងសរុប) បន្ទាប់ពីអ្នកជំងឺចំនួន ៥៣ នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ ស្របពេលដែល២០៨នាក់កំពុងបន្តសម្រាកព្យាបាល។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មី ០១ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៨៨៧ ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលជាង ២០ថ្ងៃកន្លងមកនេះ៕