(បរទេស)៖ ជោគជ័យនៃការត្រឡប់ចុះមកដល់ផែនដីរបស់យានអវកាសចិនស៊េរីថ្មី កាលពីថ្ងៃសុក្រសប្តាហ៍នេះ គឺជាការបោះជំហានឆ្ពោះ ទៅរកការបញ្ជូនអវកាសយានិកចិន ទៅកាន់ឋានព្រះច័ន្ទ ព្រមទាំងកន្លែងដទៃទៀតដែលនៅឆ្ងាយពីផែនដី។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Space News នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។
យានអវកាសខាងលើត្រូវបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្រ្តផ្នែកអវកាសរបស់ចិន CASC។ គិតត្រឹមពេលនេះ យានសាកល្បងរបស់វាចំនួន ០២ប្រភេទ ត្រូវបានផលិតឡើង ក្នុងនោះមួយគ្រឿងដែលមានទម្ងន់ ១៤តោន គឺសម្រាប់ការហោះហើរនៅ គន្លងកម្រិតទាបក្បែរផែនដី (LEO) និងមួយគ្រឿងទៀតដែលមានទំហំធំជាង និងទម្ងន់ ២១.៦តោន សម្រាប់បេសកកម្មនៅឆ្ងាយពីផែនដី។
យានសាកល្បងប្រភេទ LEO មានសមត្ថភាពដឹកជញ្ជូនអវកាសយានិកបាន ០៦នាក់ ឬក៏អវកាសយានិកត្រឹម ០៣នាក់ រួមជាមួយទំនិញទម្ងន់ ៥០០គីឡូក្រាម។ វាអាចនឹងត្រូវប្រើប្រាស់ជំនួសយានស៊េរីចាស់ ហ្សិនចូវ (Shenzhou) ដើម្បីជាមធ្យោបាយចម្បង សម្រាប់ការធ្វើដំណើរឡើង និងចុះមកពីអនាគតស្ថានីយអវកាសរបស់ចិន។
សម្រាប់ប្រភេទដែលមានសមត្ថភាពធ្វើប្រតិបត្តិការនៅឆ្ងាយពីផែនដី គឺមានបណ្តោយប្រវែង ៨.៨ម៉ែត្រ និងអង្កត់ផ្ចិតវែងបំផុត ៤.៥ម៉ែត្រ។ យានអវកាសចិនស៊េរីថ្មីនេះត្រូវបានរចនាឡើង ដើម្បីឲ្យអាចប្រើប្រាស់បានច្រើនដង ដោយត្រូវផ្លាស់ប្តូរតែគ្រឿងមួយចំនួនប៉ុណ្ណោះ ដូចជាខែលការពារកម្តៅពេលចុះចតជាដើម។
គួរជម្រាបថា យានសាកល្បងស៊េរីថ្មីខាងលើ ត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាស តាមរយៈការធ្វើបាញ់បង្ហោះសាកល្បងលើកដំបូង នូវគ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធំស៊េរីថ្មី ឈ្មោះថា Long March 5B កាលពីថ្ងៃអង្គារសប្តាហ៍នេះ និងបានចុះមកដល់ផ្ទៃផែនដីវិញ ដោយសុវត្ថិភាពកាលពីថ្ងៃសុក្រម្សិលមិញ៕