(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៣ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់តែម្តង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
គណៈកម្មការសុខាភិបាលចិនបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ០៣ករណីខាងលើនេះមាន ០២ករណីត្រូវបានរាយការណ៍ចេញពីខេត្តឡៅនីង (Liaoning) និង ០១ករណីទៀតនៅខេត្តជីលីន (Jilin)។
សម្រាប់រយៈពេលដូចគ្នានេះអាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៦នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសចិន កើនដល់ ៧៨,១៩៥ ករណី។
ជារួមបើយើងបូកបញ្ជូលទាំងករណីឆ្លងថ្មីៗទាំង ០៣ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩២៩ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕