(ញូយ៉ក)៖ របាយការណ៍ស្តីអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនៈវិស័យ (WESP) ពាក់កណ្ដាលឆ្នាំ២០២០ របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា សេដ្ឋកិច្ចសកលលោកត្រូវបានព្យាករណ៍ថា អាចនឹងធ្លាក់ចុះរហូតដល់ ៣.២ភាគរយ នៅក្នុងឆ្នាំ២០២០នេះ។
របាយការណ៍ WESP ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងខាតបង់ជិត ៨.៥ទ្រីលានដុល្លារ ក្នុងរយៈពេល ០២ឆ្នាំបន្ទាប់ ដោយសារតែការឆ្លងរាតត្បាត COVID-19។ ការព្យាករណ៍ពីការធ្លាក់ចុះសេដ្ឋកិច្ចសកលនេះ គឺជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច ឬគេស្គាល់ជាទូទៅថា Great Depression កំឡុងឆ្នាំ១៩៣០។
បន្ថែមពីលើនេះ នៅក្នុងរបាយការណ៍ WESP របស់ UN ថែមទាំងបានព្យាករណ៍ទៀតថា កំណើន GDP នៅតាមបណ្ដាប្រទេសអភិវឌ្ឍ អាចនឹងថយចុះយ៉ាងហោច ៥ភាគរយក្នុងឆ្នាំ២០២០ និងប្រទេសអភិវឌ្ឍមធ្យម ៣.៤ភាគរយ។ ចំណែកឯវិស័យពាណិជ្ជកម្មពិភពលោក ក៏ត្រូវបានរំពឹងផងដែរថា នឹងធ្លាក់ចុះជិត ១៥ភាគរយនៅក្នុងឆ្នាំ២០២០ផងដែរ ខណៈតម្រូវការសកលនឹងបន្តការថយចុះ និងសង្វាក់ផ្គត់ផ្គង់សកលកំពុងរងការរំខាន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ WESP ជំងឺ COVID-19 អាចនឹងធ្វើឱ្យមនុស្ស ៣៤.៣លាននាក់ ស្ថិតនៅក្រោមបន្ទាត់ក្រីក្រ ក្នុងឆ្នាំ២០២០ ជាមួយកំណើន ៥៦ភាគរយ នៅតាមបណ្ដាប្រទេសអាហ្វ្រិក៕
ប្រភព៖ ស៊ីនហួរ (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០)