(តៃប៉ិ)៖ កងនាវាអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹថា ខ្លួនបានបញ្ជូននាវាពិឃាដបំពាក់មីស៊ីលមួយគ្រឿង ឱ្យទៅធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ មួយសប្ដាហ៍មុនប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី ២ ខណៈភាពតានតឹងជាមួយ ចិនកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិនោះ ជារឿយៗតែងតែបង្ហាញ ការខឹងសម្បារយ៉ាងខ្លាំង ចំពោះវត្តមាននាវាចម្បាំងអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ និងជាពិសេសគឺការបង្កើនការលក់អាវុធ ឱ្យដែនកោះមួយនេះតែម្ដង។ ចិនបានហៅសកម្មភាពយោធាអាមេរិក នៅក្នុងតំបន់ និងការលក់អាវុធឱ្យកោះតៃវ៉ាន់ថា ជាទង្វើរំលោភលើដែនអធិបតេយ្យភាពរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យចិនត្រូវតែចាត់វិធានការឆ្លើយតប ហើយថែមទាំងព្រមាន ជាច្រើនលើករួចមកហើយ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ទៀតផង។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបង្កើនការលក់អាវុធ ក៏ដូចជាបញ្ជូនឱ្យនាវាចម្បាំងរបស់ខ្លួន ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់់ដដែល ដោយមិនខ្វល់ឡើយពីការព្រមានរបស់ចិន។ ជាក់ស្ដែងកងនាវាអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើ Facebook
នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា នាវាពិឃាដ USS ម៉ាកខេមភែល (USS McCampbell) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំដែនទឹកពុះចែករវាងចិនដីគោក និងកោះតៃវ៉ាន់កាលពីថ្ងៃពុធម្សិលមិញ។
ចំណែកឯក្រសួងការពារជាតិតៃវ៉ាន់ ក៏បានទទួលស្គាល់ផងដែរថា នាវាពិឃាដ USS McCampbell ពិតជាបានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ពិតមែនតែគ្រាន់ជាបេសកកម្មធម្មតាប៉ុណ្ណោះ។
សម្រាប់លោកស្រី Tsai Ing-we ដែលនឹងត្រូវស្បថឡើងកាន់តំណែង សម្រាប់អាណត្តិទី ២ និងជាអាណត្តិចុងក្រោយរបស់លោកស្រី នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែមករា ដើមឆ្នាំ២០២០។ លោកស្រី ត្សៃ បានសន្យានឹងការពារប្រជាធិបតេយ្យ និងការពារបូរណភាពទឹកដី ប្រឈមមុខជាមួយប្រទេសចិន។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក បានបង្កើនសកម្មភាពយោធាជាបន្តបន្ទាប់ នៅក្បែរកោះតៃវ៉ាន់ ដោយយោធាអាមេរិកបញ្ជូននាវាចម្បាំង ឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ រីឯយោធាចិនវិញបានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្បែរដែនកោះមួយនេះ៕