(ញូដេលី)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា ហាក់ពុំទាន់មានសញ្ញាថមថយនោះឡើយ ដោយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះតែម្តង អាជ្ញាធរសុខាភិបាល នៃប្រទេសអាស៊ីខាងត្បូងមួយនេះបានអះអាងថា មនុស្ស ១៣៤នាក់បានស្លាប់ និង ៣,៧២២នាក់ទៀតឆ្លងជំងឺ COVID-19 តែក្នុងរយៈពេល ០១ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បូកបញ្ចូលទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ៧៨,០០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២,៥៤៩នាក់។ អាជ្ញាធរសុខាភិបាលឥណ្ឌាក៏បានបញ្ជាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅញូដេលី) ផងដែរថា ចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 បានកើនឡើងដល់ ២៦,២៣៥នាក់ និង ៤៩,២១៩នាក់កំពុងស្ថិតក្នុងការព្យាបាល។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះគឺជាថ្ងៃទី ៥១ហើយ ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។ វិធានការរឹតបន្តឹងមួយចំនួនត្រូវបានដករួចទៅហើយ នៅមុនការបិទបញ្ចប់វិធានការបិទប្រទេស ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ប៉ុន្មានថ្ងៃខាងមុខនេះក្នុងនោះមានដូចជា ការអនុញ្ញាតឲ្យខ្សែរថភ្លើងមួយចំនួនដំណើរការឡើងវិញ និងការធ្វើពាណិជ្ជកម្មខ្លះៗជាដើម៕