(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៩ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១០,៩៩១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង KCDC បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ២៦នាក់ ជាករណីឆ្លងនៅក្នុងស្រុក និង ០៣នាក់ទៀតជាករណីនាំចូលពីបរទេស។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកូរ៉េខាងត្បូងក៏បានកត់ត្រាអ្នកស្លាប់ ចំនួនម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបបានកើនដល់ ២៦០នាក់ ឬស្មើនឹង ២.៣៧% នៃចំនួនអ្នកជំងឺសរុបទាំងអស់។
សម្រាប់ការធ្វើតេស្ត និងតាមដានរកករណីសង្ស័យនៃការឆ្លងជំងឺ COVID-19 ក៏កំពុងត្រូវបានធ្វើឡើងយ៉ាងសកម្មផងដែរ ទៅលើក្រុមមនុស្សដែលបានចូលក្លឹបកម្សាន្ត នៅក្នុងទីក្រុងសេអ៊ូល ខណៈការព្រួយបារម្ភកំពុងកើនឡើង ជុំវិញជំងឺរាតត្បាតសកល ដែល អាចនឹងផ្ទុះការឆ្លងខ្លាំងឡើងវិញ ដោយសារតែករណីដែលបានកើនឡើង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៩,៧៦២នាក់ហើយ ឬស្មើនឹង ៨៨.៨% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ៦៧នាក់បន្ថែមទៀត ទើបតែបានព្យាបាលឲ្យជាសះស្បើយ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា។
គួរបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី ៥ជាប់ៗគ្នាមកហើយ ដែលអត្រាអ្នកឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះ បានហក់ឡើងមកក្បែរខ្ទង់ ៣០ករណីមកវិញ បន្ទាប់ពីបានស្គាល់អត្រាអ្នកឆ្លងប្រចាំថ្ងៃក្នុងរង្វង់ ១០ករណីជិតមួយខែកន្លងមកនេះ។ បញ្ហានេះ វាបានកើតឡើងដោយសារតែ មានការឆ្លងរីលរាលដាលជាចង្កោមថ្មីមួយ នៅសង្កាត់ អ៉ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល តាមរយៈបុរសម្នាក់ដែលមានផ្ទុកជំងឺនេះ ហើយបានទៅចូលលេងក្លឹបកម្សាន្ត ជាច្រើនកន្លែងក្នុងសង្កាត់នោះ។
គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៧១១,០០០នាក់ហើយ ក្នុងចំណោមនោះ ៦៧៩,៧៧១នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ២០,៧២២នាក់កំពុងស្ថិតក្នុងការតាមដាន៕