(ញួយ៉ក)៖ អភិបាលរដ្ឋញូយ៉កលោក អាន់ឌ្រូ គ្យូម៉ូ (Andrew Cuomo) បានឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងធ្វើការស៊ើបអង្កេត លើករណីកុមារ ១០២នាក់នៅទូទាំងរដ្ឋដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានរោគសញ្ញារលាកដ៏កម្រមួយ អាចជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) លោក Andrew Cuomo បានបញ្ជាក់ទៀតថា កុមារម្នាក់អាយុ ០៥ឆ្នាំនៅក្នុងទីក្រុងញូយ៉ក, ០៧ឆ្នាំនៅក្នុងតំបន់ វែសឆេស្ទើរ (Westchester) ព្រមទាំងក្មេងជំទង់ម្នាក់នៅតំបន់ សាហ្វហ្វូក (Suffolk) បានបាត់បង់ជីវិតដោយសាររោគសញ្ញាដ៏កម្រ ក្នុងនោះរួមមានគ្រុនក្ដៅមិនបាត់, ឈឺពោះ, មានឈាមនៅក្នុងគ្រាប់ភ្នែក និងស្បែកឡើងកន្ទួលជាដើម។ លោកអភិបាលបានបន្ថែមទៀតថា ក្រសួងសុខាភិបាលនៅក្នុងរដ្ឋញូយ៉ក នឹងបើកកិច្ចពិភាក្សាមួយតាមប្រព័ន្ធអ៉ិធើណិត ដើម្បីពិភាក្សាជាមួយគ្រូពេទ្យ ដែលរាយការណ៍ពីរោគសញ្ញាទាំងនេះ។
គួរបញ្ជាក់ថា កុមារទាំង ១០២នាក់ ដែលមានរោគសញ្ញារលាកដ៏កម្រនេះ មាន ៨២នាក់រស់នៅក្នុងទីក្រុងញូយ៉ក ហើយក្នុងចំណោមកុមារទាំង ៨២នាក់នេះទៀតសោតមាន ៥២នាក់ត្រូវបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19។ ករណីកើតមានអការៈរលាកដ៏ចម្លែកលើកុមារខាងលើ ត្រូវបានរាយការណ៍នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយក្រុមជំនាញនៅតែមិនទាន់អាច រកចម្លើយឃើញនៅឡើយទេ ខណៈវាបានកើតឡើងទៅលើកុមារដែលបានឆ្លងជំងឺ COVID-19 ផង និងមិនបានឆ្លង COVID-19 ផង៕