(ម៉ានីល)៖ ព្យុះទីហ្វុងដ៍កំណាចមួយកំពុងបោកបក់លើ ភាគកណ្ដាលប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបាននិងកំពុងបង្កភាពស្មុគស្មាញ និងហានិភ័យយ៉ាងខ្លាំង ដល់អាជ្ញាធរក្នុងការជម្លៀសប្រជាជនរាប់សែននាក់ ដែលកំពុងអនុវត្តបទបញ្ជា ស្ថិតនៅក្នុងផ្ទះកំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះទីហ្វុងឈ្មោះ វ៉ុងហ្វុង (Vongfong) បក់បោកក្នុងល្បឿន ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកនូវជាមួយភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ មនុស្សយ៉ាង ២០០,០០០នាក់ កំពុងរស់នៅតាមតំបន់ឆ្នេរ នៃខេត្តស្ថិតនៅក្បែរតំបន់ព្យុះកំពុងវាយប្រហារ ហើយដោយសារតែប្រទេសជាតិ កំពុងរងគ្រោះដោយជំងឺ COVID-19 ផងនោះ ជម្រកស្នាក់នៅបណ្ដោះអាសន្ន សម្រាប់អ្នកត្រូវបានជម្លៀសពីខ្យល់ព្យុះ អាចទទួលមនុស្សមានចំនួនកំណត់ រីឯប្រជាជនដែលត្រូវជម្លៀសទៀតសោតត្រូវតែពាក់ម៉ាស។ ប៉ុន្តែទន្ទឹមហ្នឹងនេះ អាជ្ញាធរហ្វីលីពីនបានស្នើសុំឱ្យវិហារគ្រឹស្ដធំៗចំនួន ៤៧ នៅក្នុងតំបន់ខាងលើ ទទួលយកប្រជាជនជម្លៀសខ្លួន ពីព្យុះទីហ្វុងដ៏កំណាចនេះផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធម្សិលមិញ ហ្វីលីពីនមានអ្នកឆ្លង COVID-19 ទូទាំងប្រទេស ១១,៦១៨នាក់ ក្នុងនោះស្លាប់ ៧៧២នាក់ ជាសះស្បើយឡើងវិញ ២,២៥១នាក់។ ជារៀរាល់ឆ្នាំ ហ្វីលីពីនតែងតែរងការវាយប្រហារពីព្យុះទាំងធំទំាងតូចយ៉ាងតិច ២០ ហើយព្យុះឈ្មោះ ហៃយ៉ាន (Super Typhoon Haiyan) បានផ្ដាច់ជីវិត ឬធ្វើឱ្យប្រជាជនហ្វីលីពីនបាត់ខ្លួនច្រើនជាងគេរហូតដល់ ៧,៣០០នាក់កាលពីឆ្នាំ២០១៣៕