(ម៉ូស្គូ)៖ អាជ្ញាធរសុខភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការឃើញ COVID-19 ចំនួន ៩,៩៧៤ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយដែលនេះជាតួលេខអ្នកឆ្លងទាបបំផុត ចាប់តាំងពីថ្ងៃទី0២ ខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនូនអ្នកឆ្លងនៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ២៥២,២៤៥នាក់ ហើយតួលេខឆ្លងប្រចាំថ្ងៃនេះទៀតសោតបានធ្លាក់ចុះពី ៤.៣ភាគរយ មកនៅត្រឹម ៤.១ភាគរយ។ អាជ្ញាធរសុខភិបាលរុស្ស៊ីបានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ ដោយសារ COVID-19 ក៏បានកើនដល់ ២,៣០៥នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី ៩៣នាក់ត្រូវបានប្រកាសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ម្យ៉ាងវិញទៀត សម្រាប់ចំនួនអ្នកជាសះស្បើយឡើងវិញ មកទល់នឹងពេលនេះមាន ៥៣,៥៣០នាក់ ខណៈមនុស្សជាង ៦.១លាននាក់ ទទួលបានការធ្វើតេស្ដរក COVID-19។ រុស្ស៊ីត្រូវបានចាត់ទុកជាប្រទេសមានករណីឆ្លង COVID-19 កើនឡើងយ៉ាងឆាប់រហ័សមួយ និងជាប់លេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតក្នុងអត្រាទាបបំផុត។ ការកើនឡើងយ៉ាងគំហុកនេះ ក៏ព្រោះតែរុស្ស៊ីសម្រុកធ្វើតេស្តរកអ្នកឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំតែម្តង៕