(រ៉ង់ហ្គូន)៖ សមាជិកសភាមីយ៉ាន់ម៉ាជាង ៥០០នាក់ កំពុងត្រូវបានក្រុមជំនាញធ្វើតេស្តរក COVID-19 មុននឹងបើកសម័យប្រជុំសភា ដែលចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
លោក ក្យរ ស៊ឺ (Kyaw Soe) ដែលជាអគ្គនាយកនៃការិយាល័យសភាតំណាងរាស្រ្តបានគូសបញ្ជាក់ថា «ការត្រួតពិនិត្យសុខភាព និងការធ្វើតេស្តរក COVID-19 កំពុងត្រូវបានអនុវត្តលើសមាជិកសភាទាំងអស់ សម្រាប់រយៈពេល ០២ថ្ងៃ»។
សមាជិកសភាទាំងអស់ត្រូវបានគេធ្វើចត្តឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៅឯផ្ទះសំណាក់មួយកន្លែង ចាប់តាំងពីពួកគេបានមកដល់ទីក្រុងណៃពិដោមកម្ល៉េះ។ ចំណែកឯសំណាកតេស្តរបស់បុគ្គលិកសភាជាង ២០០នាក់ក៏ត្រូវបានក្រុមជំនាញយកទៅពិនិត្យផងដែរ។
គួរជម្រាបថា បើយោងតាមតួលេខចុងក្រោយពីក្រសួងសុខភិបាល និងកីឡារបស់មីយ៉ាន់ម៉ាបានរាយការណ៍ឲ្យដឹងថា ប្រទេសអាស៊ានមួយនេះបានបញ្ជាក់ពីករណីឆ្លង COVID-19 ចំនួន ១៨១ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ០៦នាក់បានស្លាប់បាត់បង់ជីវិត និង ៧៩នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕