(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បត្តិ៍នេះថា ខ្លួនបានផ្តល់ការអនុញ្ញាត ឲ្យអាកាសយានដ្ឋានអន្តរជាតិភូកេត ធ្វើការប្រតិបត្តិការឡើងវិញ ដោយមានការកំណត់ ចាប់ពីថ្ងៃសៅរ៍តទៅ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៤ ខែឧសភានេះ។
គួររំលឹកថា អាកាសយានដ្ឋាន បានបិទកាលពីថ្ងៃទី៣ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរ៉ុស COVID-19។
CAAT បានឲ្យដឹងថា អាកាសយានដ្ឋានភូកេត នឹងអនុញ្ញាតឲ្យប្រតិបត្តិការ ទាំងជើងហោះហើរក្នុង និងក្រៅស្រុក។
យ៉ាងណាក៏ដោយ, អ្នកធ្វើដំណើរ តម្រូវឲ្យបំពេញទម្រង់ ដោយបង្ហាញពីហេតុផលរបស់ពួកគេ ក្នុងការធ្វើដំណើរទៅកាន់កោះភូកេត។
បើទោះបីជា មានការបើកឲ្យដំណើរការឡើងវិញ នៃអាកាសយានដ្ឋានក្តី, ជើងហោះហើរអន្តរជាតិ មិនទំនងជាចុះចត នៅភូកេតនោះទេ ខណៈ CAAT បានហាមឃាត់រាល់ជើងហោះហើរ ដែលចុះចតនៅប្រទេសថៃ លើកលែងតែវិធានការអាសន្នប៉ុណ្ណោះ។
CAAT កាលពីពេលមុននេះ ក៏បានអនុម័តឲ្យអាកាសយានដ្ឋានមួយចំនួនរបស់ថៃ ចាប់ផ្តើមប្រតិបត្តិការឡើងវិញផងដែរ ចាប់ពីដើមខែឧសភានេះ៕