(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានលើកឡើងថា មនុស្សលោកយើងហាក់មិនបានត្រៀមខ្លួនសោះតែម្តង ចំពោះជំងឺរាតត្បាតសកល COVID-19 ខណៈដែលសាមគ្គីភាព និងការរួមកម្លាំងគ្នាដោះស្រាយវិបត្តិនេះ ក៏នៅមានភាពខ្វះខាតដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។
ក្នុងនាមជាប្រមុខដឹកនាំ ស្ថាប័នអន្តរជាតិធំជាងគេមួយនេះ លោក អាន់តូនីញ៉ូ ហ្គួទែរែស បានផ្តល់នូវទស្សនវិស័យជារួម អំពីស្ថានភាពពិភពលោក ដោយឆ្លុះបញ្ចាំងពីអនាគតនៃពហុភាគីនិយម ចំពោះមុខការឆ្លើយតបជាបន្ទាន់ ទៅនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាហានិភ័យនានា ដែលបណ្តាលមកពីវិបត្តិបច្ចុប្បន្នទៅលើសិទ្ធិមនុស្ស, អភិបាលកិច្ចពិភពលោក, ក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកអគ្គលេខាធិការ UN បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្វីដែលច្បាស់នៅថ្ងៃនេះ គឺភាពងាយរងគ្រោះនៃមនុស្សលោក និងភពផែនដី។ ជាមួយនិងវិទ្យាសាស្ត្រជឿលឿនដែលមានស្រាប់ យើងនៅតែមិនទាន់ដឹងថា ត្រូវដោះស្រាយបញ្ហាវីរុសនេះ ដោយរបៀបណានៅឡើយទេ។ យើងពិតជាមិនបានត្រៀមខ្លួនទាល់តែសោះ។ វាច្បាស់ណាស់ថា យើងគ្មានសាមគ្គីភាពគ្រប់គ្រាន់ ព្រមទាំងការរួបរួមគ្នាជាធ្លុងមួយ នៅក្នុងពិភពលោកនេះនៅឡើយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកប្រធាន អង្គការសហប្រជាជាតិខាងលើនេះ បានកើតមានឡើងចំពេលដែល ប្រទេសធំៗមួយចំនួន បានបង្ហាញការប្រេះស្រាំកាន់តែខ្លាំងឡើង និងបានយកបញ្ហា COVID-19 ជាល្បែងនយោបាយ នៅចំពោះមុខវិបត្តិកាន់តែធ្ងន់ធ្ងរ ដោយទង្វើបែបនេះបានប្រាស់ចាកទាំងស្រុង ទៅហ្នឹងស្មារតី អង្គការមួយនេះ ដែលតម្រូវឲ្យគ្រប់ប្រទេសទាំងតូចទាំងធំ រួមគ្នាជាធ្លុងមួយ ដើម្បីធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងសត្រូវរួម នោះគឺជំងឺរាតត្បាតសកល COVID-19៕