(ប៉េកាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៨នាក់ទៀត ប៉ុន្តែក្នុងនោះមានតែ ០២នាក់ប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក និងត្រូវបានរកឃើញនៅខេត្តជីលីន (Jilin) ភាគឦសានប្រទេស ខណៈ ០៦ករណីទៀតជាប្រភេទនាំចូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រោយការរកឃើញខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅចិនកើនឡើងដល់ ៨២,៩៤១ករណី។ ដោយឡែកនៅថ្ងៃសុក្រម្សិលមិញដដែល អ្នកជាសះស្បើយ ១០នាក់ទៀតក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបពី COVID-19 កើនដល់ ៧៨,២១៩នាក់។
គួរបញ្ជាក់ថា មិនមានករណីស្លាប់ ត្រូវបានរាយការណ៍នោះទេកាលពីថ្ងៃសុក្រ ដែលធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតដោយសារ COVID-19 នៅក្នុងប្រទេសចិនស្ថិតនៅ ៤,៦៣៣នាក់ដដែល៕