(ញូដេលី)៖ រថយន្តធុនធំចំនួនពីរគ្រឿង បានបុកគ្នាពេញមួយទំហឹងនៅក្នុងរដ្ឋ យូតថា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា កាលពីវេលាម៉ោង ៣៖៣០នាទីទាបភ្លឺថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង (ម៉ោងនៅរដ្ឋធានីញូដេលី)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏៏អាក្រក់ខាងលើនេះ បានកើតមានឡើងនៅក្នុងស្រុក អូរ៉ៃយ៉ា (Auraiya) នៃរដ្ឋ Uttar Pradesh រវាងរថយន្តដឹកទំនិញមួយគ្រឿង និងរថយន្តដឹកអ្នកដំណើរមួយគ្រឿងទៀត។
គួរបញ្ជាក់ថា អាជ្ញាធរបានរកឃើញអ្នកស្លាប់ ២៤នាក់នៅហ្នឹងកន្លែងកើតហេតុតែម្តង ខណៈ ៣៥នាក់ទៀតរងរបួស ក្នុងនោះមួយចំនួនរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅអំឡុងពេលដែលប្រទេសឥណ្ឌាកំពុងស្ថិតក្នុងការបិទទ្វារនៅឡើយ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19៕