(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិកទើបតែបានអនុម័តកញ្ចប់ថវិកាជំនួយ COVID-19 ទំហំជាង០៣ទ្រីលានដុល្លារ បើទោះបីជាមាន ការប្រកាសជំទាស់ពីខាងព្រឹទ្ធសភាអាមេរិកក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។
កញ្ចប់ថវិកាដ៏ធំសម្បើមបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក មានគោលដៅផ្តល់ហិរញ្ញវត្ថុដល់រដ្ឋបាលនៅតាមរដ្ឋ និងប្រចាំមូលដ្ឋាននានារបស់ សហរដ្ឋអាមេរិក ដែលកំពុងរងគ្រោះដោយសារវិបត្តិ COVID-19 ហើយក្នុងកញ្ចប់ថវិកាជំនួយនោះ ក៏រួមមានការចំណាយសម្រាប់ធ្វើតេស្ត ការទ្រទ្រង់អាជីវកម្មខ្នាតតូច និងអ្នកបាត់បង់ការងារ ព្រមទាំងការផ្តល់លុយសុទ្ធជាលើកទីពីរឲ្យដល់ដៃក្រុមគ្រួសារអាមេរិកផងដែរ។ ខាង ថ្នាំដឹកបក្សប្រជាធិបតេយ្យអាមេរិកនៅសភាតំណាងរាស្រ្ត បានអះអាងថា កញ្ចប់ថវិកានេះគឺចាំបាច់ សម្រាប់ដោះស្រាយវិបត្តិបច្ចុប្បន្ន។
គួរជម្រាបថា ទោះបែបនេះក្តី កញ្ចប់ថវិកាខាងលើត្រូវគេរំពឹងថានឹងឆ្លងមិនផុតព្រឹទ្ធសភាអាមេរិកនោះទេ ព្រោះបក្សសាធារណរដ្ឋអាមេរិក បានប្រកាសរួចហើយថា នឹងមិនទទួលយកវាឡើយ។ បើតាមហេតុផលរបស់បក្សសាធារណៈរដ្ឋ គឺវាដូចជាឆាប់ពេកក្នុងការអនុម័តថវិកា ជំនួយទ្រង់ទ្រាយធំបន្ថែមទៀតដើម្បីឆ្លើយតបវិបត្តិ COVID-19 ដោយមិនទាន់រង់ចាំមើលលទ្ធផលនៃលុយជំនួយខ្ទង់ទ្រីលានដុល្លារដូចគ្នា ដែលតែបានអនុម័តនាពេលកន្លងទៅ សម្រាប់វិបត្តិនេះជាមុនសិន។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាស ប្រឆាំងកញ្ចប់ថវិការបស់សភាតំណាងរាស្រ្តអាមេរិកដែរ៕