(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសៅរ៍នេះ បានប្រកាសពីការររកឃើញករណីឆ្លងថ្មីនៃជំងឺ COVID0-19 ចំនួន ០១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់ ៣១៤នាក់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ០១ករណីចុងក្រោយនេះ គឺជាស្ត្រីវៀតណាមម្នាក់អាយុ ៦២ឆ្នាំ ដែលទើបតែត្រឡប់មកពីប្រទេសរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះ។ ទោះជាយ៉ាងណា វៀតណាមមិនមានករណីឆ្លងនៅក្នុងស្រុកផ្ទាល់ សម្រាប់រយៈពេល៣០ថ្ងៃជាប់ៗគ្នាមកហើយ ដោយករណីថ្មីៗសុទ្ធតែករណីអ្នកជំងឺដែលឆ្លងនៅក្រៅប្រទេស ហើយត្រូវបានពិនិត្យឃើញ ពេលចូលដល់ប្រទេសវៀតណាម។
យោងតាមរបាយការណ៍របស់អាជ្ញាធរវៀតណាម បានឲ្យដឹងថា មានមនុស្សជាង ១២,០០០ នាក់ហើយ ដែលត្រូវបានត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែក ខណៈក្នុងចំណោមករណីឆ្លងទាំងអស់ គឺ២៦០នាក់ បានជាសះស្បើយឡើងវិញ និងពុំមានករណីស្លាប់ឡើយ៕