(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាកម៉ាស៊ីនជួយការដកដង្ហើម (Ventilator) ដល់ប្រទេសឥណ្ឌា បន្ទាប់ពីលោកបានគូសបញ្ជាក់ពី ភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានហៅនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ថាជា «មិត្តដ៏ល្អ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Times of India នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

តាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានធ្វើលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាព ក្នុងការប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាគម៉ាស៊ីនជួយការដកដង្ហើមដល់មិត្តរបស់យើងនៅក្នុងប្រទេសឥណ្ឌា។ យើងឈរជាមួយប្រទេសឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។ យើងកំពុងសហការគ្នា លើការអភិវឌ្ឍវ៉ាក់សាំង។ ពួកយើងនឹងយកឈ្នះលើខ្មាំងសត្រូវដែលយើងមើលមិនឃើញនេះឲ្យបាន»

កាលពីខែមេសាកន្លងទៅ ស្របតាមសំណើររបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រទេសឥណ្ឌាបានផ្គត់ផ្គង់ថ្នាំអ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (Hydroxychloroquine) ដែលជាទូទៅប្រើសម្រាប់ប្រឆាំងជំងឺគ្រុនចាញ់ ចំនួន៥០០លានគ្រាប់ មកឲ្យសហរដ្ឋអាមេរិក សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19។ ភ្លាមៗនៅថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ បានសរសើរនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី ថាជាមិត្តដ៏ល្អ។

គួរជម្រាបថា បច្ចុប្បន្នប្រទេសឥណ្ឌាដែលមានចំនួនប្រជាជនសរុបជិត ១.៤ពាន់លាននាក់ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបជិត ៨៦,០០០ ករណី ដោយក្នុងនោះស្លាប់ ២,៧៥៣ នាក់ និងជាសះស្បើយ ៣០,២៥៨ នាក់ បើគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ៕