(ញូដេលី)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះតែម្តង ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៩៧០នាក់ និងអ្នកជំងឺ ១០៣នាក់ទៀតស្លាប់ តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រោយទទួលបានទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ ៨៥,៩៤០ករណី ក្នុងនោះស្លាប់សរុប ២,៧៥២នាក់ និងជាសះស្បើយឡើងវិញ ៣០,១៥៣នាក់ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅញូដេលី)។ បច្ចុប្បន្នអ្នកជំងឺសរុប ៥៣,០៣៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា នេះជាថ្ងៃទី ៥៣ ហើយដែលរដ្ឋាភិបាលឥណ្ឌាធ្វើការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ហើយវានឹងត្រូវអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ ឥណ្ឌាបានសម្រេចបិទប្រទេស កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ហើយវានឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យស្អែកនេះ ប៉ុន្តែវិធានការដែលត្រូវបន្តឲ្យអនុវត្ត ក៏នឹងត្រូវប្រកាសផងដែរ៕