(ប៉េកាំង)៖ ក្រុមវិស្វករដែលនៅពីក្រោយ ការអភិវឌ្ឍមីស៊ីលផ្លោងប្រភេទចេញពីនាវាមុជទឹក (SLBM ឬ JL-3) ជំនាន់ថ្មីមួយ នឹងទទួលបានពានរង្វាន់ផ្នែកវិទ្យាសាស្រ្ត ថ្នាក់ខ្ពស់បំផុតរបស់ប្រទេសចិន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រសួងការពារជាតិចិនមិនដែលធ្លាប់ទទួលស្គាល់ដោយផ្ទាល់ថា មីស៊ីលឈ្មោះ JL-3 នេះពិតជាមានមែននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

មីស៊ីល JL-3 ត្រូវគេជឿថា គឺជាសមិទ្ធផលសព្វាវុធសម្រាប់បំពាក់លើនាវាមុជទឹក Type-069 របស់កងទ័ពជើងទឹកចិន ហើយការធ្វើតេស្តលើកដំបូងរបស់វា បានកើតមានឡើងកាលពីឆ្នាំ២០១៨។ មីស៊ីលផ្លោងនេះមានរយៈចម្ងាយវាយប្រហារជិត ១២,០០០គីឡូម៉ែត្រ ពោលគឺអាចបាញ់ទៅដល់ដីអាមេរិក ប្រសិនបើបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ចិនផ្ទាល់។

ខណៈការអភិវឌ្ឍមីស៊ីលនេះពោរពេញដោយភាពអាថ៌កំបាំង ហើយបើទោះបីទីក្រុងប៉េកាំង មិនធ្លាប់ទទួលស្គាល់អំពីវត្តមានរបស់វាក៏ដោយ ក៏ក្រុមវិស្វកររបស់មីស៊ីល JL-3 កំពុងត្រៀមខ្លួនទទួលពានរង្វាន់ផ្នែកវិទ្យាសាស្រ្ត ថ្នាក់ខ្ពស់បំផុតរបស់ប្រទេសចិនរួចទៅហើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ យ៉ាងណាមិញសារព័ត៌មានធំមួយរបស់ចិនគឺ Global Times បានលើកឡើងបែបនេះវិញថា ស្របពេលដែលទីក្រុងប៉េកាំង មិនធ្លាប់ទទួលស្គាល់ជាផ្លូវការអំពីវត្តមានរបស់មីស៊ីល JL-3 ប៉េកាំងក៏មិនដែលនិយាយចំៗថា JL-3 មិនមានវត្តមាននោះដែរ។

គួរជម្រាបថា ពានរង្វាន់ថ្នាក់ជាតិខាងលើរបស់ចិន បានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៧ ហើយប្រារព្ធជារៀងរាល់ ០៣ឆ្នាំម្តង។ ក្នុងឱកាសនៃការប្រគល់ពានរង្វាន់ឆ្នាំនេះ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងអ្នកវិទ្យាសាស្រ្តចិន ដែលបានដឹកនាំកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 រួមជាមួយអ្នកវិទ្យាសាស្រ្តដែលបានរចនាយានអវកាសស៊េរីថ្មី និងអាវុធលឿនជាងសំឡេងរបស់ចិន ក៏នឹងត្រូវទទួលពានរង្វាន់ផងដែរ៕