(បាងកក)៖ ស្ថានការណ៍ COVID-19 នៅប្រទេសថៃសម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ គឺមិនមានករណីឆ្លងថ្មី ហើយក៏មិនមានករណីស្លាប់ដែរ ខណៈប្រទេសអាស៊ានមួយនេះ ត្រៀមនឹងអនុញ្ញាតឲ្យអាជីកម្មនានាបើកដំណើរការឡើងវិញ និងបន្ធូរបន្ថយលើបំរាមគោចរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃលោក ថាវីស៊ិន វិសានុយោធិន (Taweesin Wisanuyothin) បានគូសបញ្ជាក់ថា «ថ្ងៃនេះមានសូន្យពីរ ... សូមអរគុណដល់ប្រជាជនថៃទាំងអស់ ដែលបានចូលរួមសហការណ៍ទាំងអស់គ្នា»។
គួរជម្រាបថា នេះជាថ្ងៃទី ២ ហើយបើរាប់ចាប់តាំងពីថ្ងៃទី០៩ ខែមីនាកន្លងទៅនេះ ដែលប្រទេសថៃមិនបានរកឃើញករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺ COVID-19។ នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភាស្អែកនេះ អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យផ្សារទំនើប និងហាងលក់ទំនិញនានាបើកដំណើរការឡើងវិញ ខណៈបំរាមគោចរពេលយប់ ក៏នឹងត្រូវបន្ធូរបន្ថយផងដែរគឺប្តូរពីម៉ោង១០៖០០នាទីយប់ ដល់៤៖០០នាទីទាបភ្លឺ ទៅជាម៉ោង១១៖០០នាទីយប់ ដល់៤៖០០នាទីទាបភ្លឺវិញ។
បច្ចុប្បន្ននេះ ប្រទេសក្បែរខាងកម្ពុជាយើងមួយនេះ មានចំនួនករណីឆ្លង COVID-19 សរុបចំនួន៣,០២៥ករណី ដោយក្នុងនោះ៥៦នាក់ស្លាប់ និង២,៨៥៥នាក់ បានជាសះស្បើយឡើងវិញ បើគិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភានេះ៕