(ហាណូយ)៖ កន្លងទៅថ្មីៗនេះមានពាក្យចចាមអារ៉ាមថា វៀតណាមប្រហែលជាកំពុងពិចារណា ចង់ដាក់ជួលឆកសមុទ្រខេមរ៉ាញ់ (Cam Ranh) ឬមួយ កោះខ្លះៗរបស់ខ្លួនដែលស្ថិតនៅសមុទ្រចិនខាងត្បូង ឲ្យទៅសហរដ្ឋអាមេរិក ក្រោមគោលការណ៍រយៈពេលវែង សម្រាប់ធ្វើជាមូលដ្ឋានផ្គត់ផ្គង់ ឬទីតាំងឆ្លងកាត់របស់នាវាយោធាអាមេរិក ដើម្បីទប់ទល់ជាមួយការពង្រីកឥទ្ធិពលរបស់ចិន នៅតំបន់វិវាទសមុទ្រចិនខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Diplomat នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។
អ្នកជំនាញរបស់កាសែត The Diplomat បានមើលឃើញថា ពាក្យចចាមអារ៉ាមនេះទំនងមិនអាចក្លាយជាការពិតនោះឡើយ ពីព្រោះថាចាប់តាំងដើមមក គោលនយោបាយការពារជាតិផ្លូវការដ៏យូរអង្វែងរបស់ប្រទេសវៀតណាម គឺមិនអនុញ្ញាតឲ្យវៀតណាមអាចជួលឆកសមុទ្រ Cam Ranh ឬកោះផ្សេងៗរបស់ខ្លួននៅសមុទ្រចិនខាងត្បូងឲ្យទៅសហរដ្ឋអាមេរិក ឬមួយក៏ប្រទេសដទៃទៀតនោះទេ។
បើក្រឡេកទៅលើ បណ្តាកោះដែលវៀតណាមកាន់កាប់នៅទីប្រជុំកោះ ស្ព្រាតលី (Spartly) នៃសមុទ្រចិនខាងត្បូង គឺមិនទំនងធ្វើជាមូលដ្ឋានផ្គត់ផ្គង់ ឬទីតាំងឆ្លងកាត់សម្រាប់នាវារបស់កងទ័ពជើងទឹកអាមេរិកនោះឡើយ ដោយសារការខ្វះខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ហើយពួកវាស្ថិតនៅក្បែរៗនឹងបណ្តាកោះសិប្បនិម្មិតរបស់ចិន ដែលពោរពេញដោយសព្វាវុធថែមទៀត។
យោងតាមការវិភាគដដែល គោលនយោបាយរបស់វៀតណាមទំនងជានឹងនៅដដែល គឺផ្តោតទៅលើការផ្សារភ្ជាប់ទំនងជាមួយបណ្តាប្រទេសមហាអំណាច ដោយមិនប្រកាន់យកប្រទេសណាមួយជាធំតែម្តងនោះឡើយ ពោលគឺវៀតណាមនឹងមិនទៅឈរនៅខាងអាមេរិក ហើយងាកទៅប្រឆាំងចិននោះទេ។
គួរជម្រាបថា សម្រាប់ខាងសហរដ្ឋអាមេរិកវិញ គឺអាមេរិកប្រហែលជាព្យាយាមចង់ឲ្យមានការចូលចតនៅកំពង់ផែវៀតណាមបានញឹកញាប់ជាងមុន ជាជាងមកជួលដីធ្វើមូលដ្ឋានសម្រាប់ផ្គត់ផ្គង់នាវារបស់ខ្លួន ហើយម៉្យាងវិញទៀត អាមេរិកក៏ហាក់ពុំមានហេតុផលជាយុទ្ធសាស្រ្តអ្វី ត្រូវបង្កើតកន្លែងឲ្យនាវាខ្លួនឆ្លងកាត់ នៅចន្លោះសិង្ហបុរី និងកោះតៃវ៉ាន់នោះដែរ ដ្បិតអាមេរិកមានកំពង់ផែសម្រាប់យោធាខ្លួននៅជប៉ុន មានមូលដ្ឋានជើងទឹកធំមួយនៅកោះហ្គាំ ហើយនាវាយោធាខ្លួនភាគច្រើន ដែលធ្វើដំណើរមកសមុទ្រចិនខាងត្បូង គឺឈរជើងនៅទីក្រុង សានឌីហ្គោ (San Diego) រដ្ឋកាលីហ្វរញ៉ា និងកំពង់ផែភាលហាប៊ឺ (Pearl Harbor) នៅកោះហាវ៉ៃឯណោះ៕