(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៤៥៦នាក់ថ្មីទៀត ដែលភាគច្រើនបំផុត គឺជាពលករបរទេសកំពុងស្នាក់នៅដាច់ដោយឡែក ដើម្បីរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ និងមានតែ ០៤នាក់ប៉ុណ្ណោះជាជនជាតិសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្ត្រៃយ៍លើប្រទេសដីកោះដ៏តូចមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
បើបូកបន្ថែមចំនួនខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី សរុបកើនឡើងដល់ ២៧,៣៥៦ករណី ក្នុងចំនួនមនុស្សស្លាប់ស្ថិតនៅដដែលគឺ ២១នាក់ និងអ្នកជាសះស្បើយឡើងវិញកើនដល់ ៧,២៤៨នាក់។
គួរបញ្ជាក់ថា បើគិតពីចំនួនករណីឆ្លងជំងឺ COVID-19 សិង្ហបុរីស្ថិតនៅកំពូលគេក្នុងចំណោម ប្រទេសអាស៊ានទាំង ១០ ប៉ុន្តែអត្រាស្លាប់វិញ គឺសិង្ហបុរីស្ថិតនៅកម្រិតទាបបំផុត។ ប្រទេសដែលមានករណីស្លាប់ដោយសារ COVID-19 ច្រើនជាងគេនៅអាស៊ាន គឺឥណ្ឌូណេស៊ីចំនួន ១,០៧៦នាក់ ក្នុងចំណោមករណីឆ្លងសរុប ១៦,៤៩៦ករណី និងបន្ទាប់មកទៀតគឺហ្វីលីពីមានមនុស្សស្លាប់ ៨០៦នាក់ ក្នុងចំណោមករណីឆ្លងសរុប ១២,០៩១ករណីគិតត្រឹមត្រូវពេលដូចគ្នា៕