(ប៊ែរឡាំង)៖ ហាងកាហ្វេមួយនៅប្រទេសអាល្លឺម៉ង់ បានប្រារព្វពិធីបើកហាងរបស់ខ្លួនឡើងវិញជូនអតិថិជន ដោយតម្រូវឲ្យអ្នកចូលរួមទាំងអស់ ពាក់មួកម្យ៉ាងនៅលើក្បាលដើម្បីរក្សាគម្លាតសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ម្ចាស់ហាងកាហ្វេមួយកន្លែងដែលមានឈ្មោះថា Cafe Rothe ស្ថិតនៅទីក្រុង ស្កាវែរីន (Schwerin) ប្រទេសអាល្លឺម៉ង់ បានរៀបចំពិធីបើកទ្វារហាងរបស់ខ្លួនឡើងវិញ ដោយប្រើប្រាស់វិធីសាស្ត្រមួយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីរក្សាគម្លាតសុវត្ថិភាពីគ្នា។ វិធីសាស្ត្រនោះ ម្ចាស់ហាងបានចែកជូនអ្នកចូលរួមទាំងអស់ នូវមួកសុវត្ថិភាពដែលជាការផ្គុំឡើងដោយប៉ុងជ័រវែងៗ ដើម្បីធ្វើឲ្យភ្ញៀវរក្សាគម្លាតពីគ្នាដោយឯកឯង ជាជាងការប្រើគំនូសសម្គាល់លើកម្រាលឥដ្ឋ។
ម្ចាស់ហាងខាងលើ បានបង្ហោះរូបថតមួយសន្លឹកនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដោយមានអមជាមួយសំណេរមួយឃ្លាយ៉ាងដូច្នេះថា «ថ្ងៃនេះវិធានការរក្សាគម្លាតសុវត្ថិភាព គឺបែបហ្នឹងឯង»។
គួរជម្រាបថា អាជ្ញាធរអាល្លឺម៉ង់បានសម្រេចដកចេញវិញ នូវវិធានការរឹតត្បិតមួយចំនួន បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល (Angela Merkel) បាននិយាយថា ប្រទេសនេះបានឆ្លងផុតដំណាក់កាលទី ១ នៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 ហើយ។ ទោះជាយ៉ាងណាលោកស្រីបានព្រមានថា ប្រទេសអាល្លឺម៉ង់អាចនឹងប្រឈមនឹងរលកទី ២ ទៀត ប្រសិនបើមនុស្សម្នាបោះបង់ចោល នូវវិធានការរក្សាគម្លាតពីគ្នាដើម្បីសុវត្ថិភាពនោះ។
រហូតមកទល់ពេលនេះ អាល្លឺម៉ងបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួនជាង ១៧៥,០០០ករណី ក្នុងនោះស្លាប់ ៨,០០១នាក់ និង ១៥២,៦០០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕