(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៨,៩២៦ ករណីបន្ថែមទៀតសម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បូកបញ្ជូលចំនួនអ្នកឆ្លងថ្មីៗខាងលើ វាបានធ្វើឲ្យករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសរុស្ស៉ី បានកើនដល់ ២៩០,៦៧៨ ករណី។ ទោះជាយ៉ាងណា ថ្ងៃចន្ទនេះគឺជាថ្ងៃទី៣ជាប់ៗគ្នាមកហើយ ដែលប្រទេសរុស្សីបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃនៅក្រោមខ្ទង់១០,០០០ករណី ខណៈអត្រាអ្នកឆ្លងថ្មីប្រចាំថ្ងៃ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានចំនួនលើស ១០,០០០ ករណី។
បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលរុស្ស៊ី អ្នកស្លាប់ដោយសារ COVID-19 បានហក់ឡើងដល់២,៧២២ នាក់ ក្រោយអ្នកស្លាប់ថ្មី ៩១នាក់បន្ថែមទៀត ត្រូវបានរាយការណ៍នៅថ្ងៃចន្ទនេះ៕