(គុនមីង)៖ មនុស្សពីរនាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ បានវាយប្រហារសង្កាត់ចាវជា (Qiaojia) នៃខេត្តយូណាន (Yunnan) ភាគនិរតីប្រទេសចិន កាលពីយប់ថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន (CENC) គ្រោះរញ្ជួយដីកម្រិតបង្គួរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩៖៤៧នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅប៉េកាំង) ដោយវាបានញាប់ញ័រចេញពីក្នុងជម្រៅដី ០៨គីឡូម៉ែត្រ ហើយសម្រាប់សង្កាត់ហួយ (Huize) ដែលស្ថិតនៅក្បែរតំបន់ Qiaojia ដែលទទួលរងគ្រោះនោះ ក៏បានរងផលប៉ះពាលតិចតួចផងដែរ។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះចិនកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីបន្តប្រតិបត្តិការសង្គ្រោះ ខណៈសំណង់មួយចំនួនបានបាក់រលំ និងមានមនុស្សមួយចំនួនត្រូវបានគេជឿជាក់ថា កំពុងជាប់ខ្លួនផងដែរ៕