(លីសបោន)៖ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអឺរ៉ុបចំនួន ១១ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន សម្រាប់ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនសហភាពអឺរ៉ុបឡើងវិញ ខណៈវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។
ការព្រមព្រៀងគ្នាខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសមកពីអាល្លឺម៉ង់, អូទ្រីស, ប៊ុលហ្គារី, សាយប្រឹស (Cyprus), ក្រូអាត, អេស្ប៉ាញ, ក្រិក, អ៉ីតាលី, ម៉ាល់តា, ព័រទុយហ្គាល់ និងស្លូវេនី។ បន្ថែមពីលើនេះ ឈរលើគោលការណ៍ស្មើភាព និងគ្មានការរើសអើង ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំងនេះ ក៏បានឯកភាពគ្នាផងដែរថា ទោះបីជាជំងឺ COVID-19 នៅតែបន្តឆ្លងរាតត្បាតក៏ដោយ ក៏អឺរ៉ុបចាំបាច់ត្រូវតែឆ្ពោះទៅមុខដដែល។
ប៉ុន្តែក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង ១១ប្រទេសបានបញ្ជាក់ថា ការបើកព្រំដែន និងស្ដារសេរីភាពធ្វើដំណើររបស់ប្រជាជនអឺរ៉ុបឡើងវិញ នឹងត្រូវធ្វើទៅតាមតំណាក់កាល ក្រោមកិច្ចសម្របសម្រួល ពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងត្រូវធ្វើឡើងដោយសន្សឹមៗ ដើម្បីកុំឱ្យការឆ្លង COVID-19 ស្ថិតនៅក្រៅការគ្រប់គ្រង៕