(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយប្រហារខ្លាំងៗជាថ្មីម្តងទៀត លើអង្គការសុខភាពពិភពលោក (WHO) ដោយម្តងនេះលោកបានហៅ អង្គការអន្តរជាតិមួយនេះថាជា «អាយ៉ង» របស់ចិន និងថែមទាំងបានបញ្ជាក់ថា លោកកំពុងតែពិចារណាលើការកាត់បន្ថយ ឬលុបចោលការគាំទ្រទៅលើអង្គការមួយនេះទាំងស្រុងតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានធ្វើការកត់សំគាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នៅចំពោះមុខអ្នកកាសែត ប្រធានាធិបតីរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ពួកគេ (អង្គការ WHO) ជាអាយ៉ងរបស់ចិន។ ពួកគេផ្តោតសំខាន់តែលើប្រទេសចិន ដើម្បីធ្វើឲ្យកាន់តែល្អមើល»។
នាឱកាសនោះលោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកបង់វិភាគទានប្រមាណ ៤៥០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ទៅឲ្យអង្គការសុខភាពពិភពលោក ដែលជាការរួមវិភាគទានធំបំផុតសម្រាប់អង្គការនេះ។ ប៉ុន្តែសហរដ្ឋអាមេរិក មិនត្រូវបានគេប្រាស្រ័យទាក់ទងល្អជាមួយទេ ដូច្នេះផែនការបង់វិភាគទានដល់អង្គការនេះ អាចនឹងកាត់បន្ថយ ឬលុបចោលទាំងស្រង់តែម្តង។
លោក ដូណាល់ ត្រាំ បានលើកឡើងទៀតថា ប្រទេសចិនចំណាយលើអង្គការមួយនេះត្រឹមតែ ៤០លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ដូច្នេះវាមានគំនិតមួយដែលថា ចង់ឲ្យសហរដ្ឋអាមេរិកចំណាយត្រឹម ៤០លានដូចគ្នានឹងចិនដែរ ប៉ុន្តែមនុស្សមួយចំនួនខ្លះទៀតគិតថា ដូចជាច្រើនជ្រុលទៀតផង។
គួរជម្រាបថា ការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះ គឺវាចំពេលដែលអង្គការសុខភាពពិភពលោក WHO កំពុងតែបើកកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន បើរាប់ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺ COVID-19 នេះមក។
នៅក្នុងឱកាសនៃកិច្ចប្រជុំ WHO តាមវីដេអូខុនហ្វ្រិនកាលពីថ្ងៃចន្ទនោះ លោក ស៊ី ជិនពីង បានគាំទ្រការស៊ើបអង្កេតដោយ WHO រកដើមចមនៃបញ្ហា COVID-19 នៅពេលនេះជំងឺស្ថិតក្នុងការគ្រប់គ្រងបាន ហើយចិនក៏បានសន្យានឹងផ្តល់ជំនួយ ២ពាន់លានដុល្លារ ដើម្បីជួយបណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ក្នុងការដោះស្រាយបញ្ហាបង្កឡើង COVID-19៕