(បាកដាដ)៖ កងកម្លាំងសន្តិសុខអ៉ីរ៉ាក់ បានឱ្យដឹងថាគ្រាប់រ៉ុក្កែតមួយគ្រាប់ បានធ្លាក់នៅក្បែរស្ថានទូតអាមេរិក ប្រចាំរដ្ឋធានីបាកដាដ នៅព្រឹកថ្ងៃអង្គារនេះ ជាលើកដំបូងបំផុត ក្នុងរយៈពេលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera​ នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

បើតាមកងកម្លាំងសន្តិសុខអ៉ីរ៉ាក់ គ្រាប់រ៉ុក្កែតមួយគ្រាប់ខាងលើ ត្រូវបានគេបាញ់ចេញពីតំបន់ភាគខាងកើតរដ្ឋធានីបាកដាដ។ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ ពីអ្នកស្លាប់ ឬរងបួសនោះទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនោះដែរ។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបែបនេះ បានកើតឡើង ជាច្រើនលើកមកហើយ ចាប់តាំងពីខែតុលាឆ្នាំ២០១៩មកម្លេះ ខណៈសហរដ្ឋអាមេរិកជារឿយៗបានចោទថាក្រុមជីវពលគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេស អ៉ីរ៉ាក់ គឺជាអ្នកទទួលខុសត្រូវ បើទោះជាទីក្រុងតេហេរ៉ង់ បដិសេធក៏ដោយ។

គួរជម្រាបថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃអាទិត្យ ម្សិលមិញ បាននិយាយថាកងទ័ពអាមេរិក នឹងត្រូវបណ្ដេញចេញពីប្រទេសស៊ីរី និងអ៉ីរ៉ាក់ ចំពេលប្រទេសទាំង២ គំរាមប្រើប្រាស់កម្លាំងយោធាដាក់គ្នាទៅវិញ ទៅមក ក្រោយមានការប៉ះទង្គិចគ្នានៅឯតំបន់ឈូងសមុទ្រ កាលពីខែមេសា កន្លងទៅ៕