(ប៉ារីស)៖ ក្រសួងសុខាភិបាលបារាំង នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដកតួលេខអ្នកស្លាប់ដោយសារ COVID-19 ចំនួន ២១៧នាក់ចេញវិញ ពីចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសដែលត្រូវបានប្រកាស ២៨,២៣៩នាក់ កាលពីថ្ងៃអង្គារ ដោយសារតែកំហុសបច្ចេកទេស ក្នុងការរាប់តួលេខអ្នកស្លាប់ នៅតាមមណ្ឌលថែទាំមនុស្សចាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ទៀតថា ក្រោយដកតួលេខអ្នកស្លាប់ ២១៧នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅសល់ត្រឹម ២៨,០២២នាក់ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។ ក្រសួងបានបន្ថែមទៀតថា កាលពីថ្ងៃទី១៧ ខែឧសភា បារាំងបានរាយការណ៍ពីអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៤៨៣នាក់ ក្នុងនោះ ៥៤នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យ ខណៈមណ្ឌលចាស់ជរា ដែលមានអ្នកស្លាប់តំណាងឱ្យ ១ភាគ៣ នៃ អ្នកស្លាប់សរុបទូទាំងប្រទេសបានរាយការណ៍ពីអ្នកស្លាប់ រហូតដល់ទៅ ៤២៩នាក់។
មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលបារាំងក៏បានប្រកាសពីការរកឃើញអ្នកឆ្លង ៥២៤នាក់ថ្មីផងដែរ ក្នុងរយៈពេល ២៤ម៉ោង ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៤៣,៤២៧នាក់។ ទោះបីជាបារាំង បានកាត់បន្ថយវិធានការរឹតត្បិត និងផ្តល់សេរីភាពមួយចំនួនឲ្យប្រជាជនឡើងវិញក៏ពិតមែន ប៉ុន្តែនេះមិនមែនមានន័យថា ស្ថានការណ៍ COVID-19 ក្នុងប្រទេសអឺរ៉ុបមួយនេះ ធូរស្រាលខ្លាំងនោះឡើយ៕